ទីបំផុត Kris Wu សម្រេចចិត្តបកស្រាយហើយ ក្រោយគេចោទថារំ.លោ.ភក្មេងស្រីច្រើននាក់
ដូចដែលប្រិយមិត្តបានដឹងមកហើយ នូវព័ត៌មានដ៏ក្តៅគគុករបស់លោក Kris Wu ជាអតីតសមាជិកក្រុម Exo ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ទៅលើអតីតមិត្តស្រី ព្រមទាំងក្មេងស្រីជាច្រើននាក់ទៀតនោះ។
ជាមួយគ្នានេះដែរ ក៏បានចេញមុខមកបដិសេធពាក់ព័ន្ធនឹងបញ្ហាខាងលើផងដែរថា លោកបានសំងំមិនតបត ឬ បកស្រាយផ្សេងៗ ដោយសារតែមិនចង់ឱ្យមានការរអាក់រអួលចំពោះដំណើរការស៊ើបក្តីរបស់តុលារការ តែមិននឹកស្មានថាការមិនតបតទាំងនេះ កាន់តែធ្វើឱ្យពាក្យចចាមអារ៉ាមកាន់តែផ្ទុះអាក្រក់ជាងមុនទៅទៀត ហើយលោកពិតជាទទួលមិនបានទេ។
លោកបានបន្តទៀតថា នារីដែលចេញមុខចោទប្រកាន់លោក គឺមិនមែនជាអតីតមិត្តស្រីលោកឡើយ ដោយលោកបានជួបនាងតែម្តងគត់ នាពិធីជប់លៀងរបស់មិត្តភ័ក្តមួយនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ។ ពេលនោះ លោក មិនបានបង្អកស្រាកនាងនោះទេ ហើយក៏មិនបានសុំលេខទូរស័ព្ទដើម្បីទាក់ទងទៅនាងក្រោយពីនោះផងដែរ។ យ៉ាណាមិញ មានមនុស្សច្រើនណាស់នៅកន្លែងជប់លៀងនោះ ពួកគេពិតជាអាចធ្វើសាក្សីចំពោះហេតុការណ៍ទាំងនេះបាន។
លើសពីនេះទៅទៀត លោកថែមទាំងបានអះអាងថា លោកមិនបានបោកបញ្ឆោតអ្នកណា ឬក៏ធ្វើអំពើបំពានផ្លូវភេទអ្វីនោះទេ ជាពិសេសទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ វាមិនដូចជាការចោទប្រកាន់របស់នារីម្នាក់នោះឡើយ។ ប្រសិនបើលោក បានប្រព្រឹត្តនូវអំពើមិនគប្បីដូចជាការចោទប្រកាន់ទាំងអស់ពិតមែន កុំបារម្ភអី លោកនឹងពេញចិត្តដើរចូលគុកដោយខ្លួនឯងតែម្តង ហើយលោកនឹងទទួលខុសត្រូវទៅលើពាក្យសម្តីទាំងនេះរបស់ខ្លួន។
ដោយឡែក នៅពេលនេះ រឿងរ៉ាវសខ្មៅពិតប្រាកដយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយតុលាការកំពុងតែធ្វើការស៊ើបអង្កេតបន្តផងដែរ៕