អីយ៉ូយ! ទម្លាយតម្លៃកងដៃមាសផ្តើមស្នេហ៍ថ្មីដែល សឿ សុធារ៉ា ទទួលបានពីស្វាមីម្សិលមិញនេះ
កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រមួយចំនួនប្រាកដជាបានកើតចិត្តសង្ស័យមិនខាននឹងចំណងស្នេហ៍ប្តីប្រពន្ធរវាងតារាសម្តែងអ្នកនាង សឿ សុធារ៉ា និង លោក សាពូន មីដាដា ថាអាចនឹងបែកបាក់គ្នា ដោយជារឿយៗគេឃើញអ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារត្អូញត្អែរប្លែកៗហាក់ចង់បង្ហាញឱ្យមហាជនបានដឹងថា នាង និង ប្តី បានឈានដល់ផ្លូវបំបែក ។
ស្រាប់តែពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារជាបន្តបន្ទាប់ ពោលពាក្យហៅស្វាមីយ៉ាងផ្អែមដូចស្ករឡើងវិញ ដោយនាងហាក់បានបង្ហាញឱ្យដឹងថា កាលកន្លងមកជីវិតគូរបស់អ្នកនាង និង ស្វាមី ហាក់មានការរកាំរកូសពិតមែន ប៉ុន្តែពេលនេះស្វាមីភរិយា តារា ២ រូបនេះ ត្រូវរ៉ូវគ្នាវិញហើយ ។
ក្រោយពីបង្ហាញពីភាពផ្អែមល្ហែមជាថ្មីម្តងទៀតហើយនោះ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារ និង រូបភាពកាដូផ្តើមស្នេហ៍ជាថ្មីពីស្វាមី ដែលជាកងដៃមាសចំនួនដល់ទៅ ២ ។ ក្នុងចំណោមកងដៃ ២ នោះដែរ ដោយមួយម៉ូតនោះគឺមានទម្ងន់ ២ តម្លឹង ទៅហើយ រីឯតម្លៃវិញបើគិតពីតម្លៃហាងឆេងមាសនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នោះ គឺមានតម្លៃប្រមាណជិត ៥ ពាន់ ដុល្លារ ឯណោះ ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ អ្នកនាង សឿ សុធារ៉ា ក៏បានបញ្ជាក់ដែរថា កាដូផ្តើមស្នេហ៍ថ្មីពីស្វាមីនេះ គឺជាកាដូដែលលោក សាពូន មីដាដា ជូនសម្រាប់លួងចិត្តអ្នកនាងដោយអ្នកនាងរៀបរាប់ថា «អូនសូមអរគុណដល់លោកប្តី ដែលបានលួងចិត្តប្រពន្ធនូវកងដៃផ្តើមស្នេហ៍ជាថ្មីនេះ ទោះទំហំយ៉ាងណាក្តី ក៏ប្រពន្ធនៅតែរំភើបចិត្តខ្លាំងដដែល I do need u every time, my dear boos husband»។
ក្រោយបង្ហោះសារបែបនេះហើយ មានបណ្ដាមហាជនជាច្រើន បានចូលរួមបញ្ចេញមតិយោបល់អបអរសាទរ និង សរសើរពីទឹកចិត្តលោក សាពូន មីដាដា ដែលមានក្ដីអាណិតស្រឡាញ់ សម្រាប់ភរិយា និង កូនៗ ព្រមទាំងនៅតែរក្សាបាននូវទឹកចិត្តស្មោះបន្ដកាន់ដៃភរិយា រក្សាសុភមង្គលគ្រួសារ៕