អតីតភរិយា Mike ក្តៅឆួលស្លឹកត្រចៀក សឹងគេចោទនាងយកលុយកូនចាយ ១ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះគឺជាថ្ងៃកំណើតរបស់អូន Mexwell ដែលជាកូនប្រុសរបស់ Mike ។ កាលណោះ តារាប្រុសរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេ Surprise កូនប្រុសពីចម្ងាយដោយក្តីស្រឡាញ់ ។ មួយវិញទៀត លោកក៏បានជូនកាដូជាទឹកប្រាក់ដល់កូនប្រុសរហូតទៅដល់ ១ ម៉ឺនដុល្លារឯណោះ ។
ដោយឡែកនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ នាង Sarah ដែលជាអតីតភរិយាលោក Mike និង ជាម្តាយរបស់អូនតូច Mexwell បែរជាទទួលរងការរិះគន់យ៉ាងក្តៅគគុកទាក់ទងនឹងរឿងលុយ ១ ម៉ឺនដុល្លារ ដែល Mike បានប្រគល់ជូនកូនប្រុសទៅវិញ ។ ក្នុងនោះ មហាជនមួយចំនួនបានចោទប្រកាន់លើនាង Sarah ថា លុយដែលអតីតស្វាមីឱ្យទៅកូន អាចនឹងមិនដល់កូនប្រុសនោះទេ ព្រោះប្រហែលជាម្តាយអាចចាត់ការមុន ។
បន្ទាប់ពីឃើញមានមតិរិះគន់ និង បង្អាប់កិត្តិយសខ្លួនបែបនេះ ស្រាប់តែនាង Sarah ចេញមុខប្រតិកម្ម ក៏ដូចជាបញ្ជាក់យ៉ាងច្បាស់ៗថា «រឿងដែលនាងត្រូវធ្វើ គឺរកវិធីយ៉ាងណាឱ្យគ្រួសារមានសុវត្ថិភាពពីកូវីដ-១៩ វានឿយហត់ណាស់ទៅហើយ ពេលនេះបែរជាមានរឿងបែបនេះចូលមកក្នុងជីវិតទៀត ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានចំណែកក្នុងការកាន់បញ្ជីលុយរបស់កូនប្រុសនោះទេ ហើយនៅក្នុងបញ្ជីលុយរបស់កូនខ្ញុំក៏មានសរសេរច្បាស់ហើយថាអ្នកណាជាម្ចាស់ ហើយអាចដកលុយនោះបាន ហើយបញ្ជីលុយក៏មិនបាននៅនឹងនាងនោះដែរ» ។
ជាមួយគ្នានោះដែរ នាងក៏បានបន្ថែមទៀតថា រឿងយល់ច្រឡំបែបនេះវាគួរតែចប់តាំងយូរមកម្ល៉េះ ព្រោះប្រសិនបើកូននាងធំឡើង ហើយគេបានឃើញព័ត៌មានបែបនេះ តើគេមានអារម្មណ៍យ៉ាងណា? ដូច្នេះសូមេត្តាបញ្ឈប់រាល់ពាក្យមិនពិត និង គ្មានភស្តុតាងទាំងនោះផងចុះ ។ ទន្ទឹមនឹងការចេញមុខបកស្រាយនេះ ក៏មានមហាជនអ្នកគាំទ្រនាងជាច្រើន បានចូលមកផ្តល់កម្លាំងចិត្តដល់រូបនាង និង កូនផងដែរ ៕
ប្រភព៖ Sanook