មិននឹកស្មាន ព្រោះតែរឿងនេះ Chompoo ត្រូវមហាជនចេញមកពន្លះស្ពឹកមុខ
ខណៈនេះប្រទេសថៃ ហាក់កំពុងតែក្ដៅគគុក អំពីវិបត្តិនយោបាយក្នុងប្រទេស បន្ទាប់ពីស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ទៅៗ រហូត មន្ទីរពេទ្យ និង កន្លែងព្យាបាលក្នុងប្រទេសថៃស្ទើរតែអស់គ្រែដាក់អ្នកជំងឺហើយ។
ជាមួយគ្នានេះ បើងាកទៅមើលតារាអ្នកសម្ដែងថៃ ឯណោះវិញ ស្របពេលឃើញប្រទេសជួបទុក្ខបែបនេះហើយ ពួកគេក៏មិនឱបដៃដេកមើលនោះដែរ ។ ហេតុតែស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ពួកគេបានចេញមកប្រើប្រាស់សំឡេង និង ប្រជាប្រិយភាពរបស់ខ្លួនក្នុងការបណ្ដេញរដ្ឋាភិបាលសព្វថ្ងៃចេញ ព្រោះពួកគេបានមើលឃើញនូវភាពអសកម្មអំឡុងពេលដឹកនាំប្រទេសជាតិ។
យ៉ាងណាមិញ ស្របពេលមានតារាល្បីជាច្រើនចេញមកពន្លះរដ្ឋាភិបាល ក្នុងនោះគេក៏ឃើញមានតារាល្បីមួយចំនួន ហាក់មិនព្រមមាត់ក ឬ ជួយឈឺឆ្អាល ទើបពួកគេតែងត្រូវមហាជនថៃដាក់មុខសញ្ញារិះគន់ ។ ដូចករណី តារាស្រី Chonpoo Araya ថ្មីៗនេះ មហាជនអ្នកគាំទ្រថៃ ជាច្រើនបានចូលទៅខមមិនតិះដៀលនាងថាជា តារាស្រីដែលមិនខ្វាយខ្វល់ពីប្រទេសជាតិឡើយ។
មូលហេតុដែលនាំឱ្យមហាជនរិះគន់នាងខ្លាំងបែបនេះ គឺពួកគេចង់ឱ្យនាង ជាតារារបស់មហាជនចេញមកឈឺឆ្អាលរឿងប្រទេសជាតិខ្លះ មិនមែនសំងំយកតែសុខខ្លួនឯងឡើយ។ មួយវិញទៀតគេក៏រិះគន់ ពីរឿងដែលនាងទៅទទួលវ៉ាក់សាំងតាមរដ្ឋាភិបាលដែលប្រកាសឱ្យចាក់ ហើយនាងទៅទទួល ទាំងដែលមហាជនភាគច្រើនទាមទាររកវ៉ាក់សាំងល្អជាងនោះ។
ដូចគ្នានោះ មហាជនក៏រង់ចាំមើលដែរ ថាក្រោយពីផ្ទុះការមិនពេញចិត្តខ្លាំងរឿង វ៉ាក់សាំង ដែលរដ្ឋាភិបាលឱ្យចាក់នោះ តើតារាស្រីរូបនេះ នឹងចាក់វ៉ាក់លើកទីពីរ ទៀតដែរឬទេ? ព្រោះថារំលងចង់មួយខែហើយបន្ទាប់ពី នាងចាក់វ៉ាក់សាំង Sinovac ដូសទីមួយ ហើយមកទល់ពេលនេះមិនទាន់ឃើញនាងចាក់ជាលើកទីពីរនៅឡើយទេ ហើយមហាជនយល់ថា ប្រហែលជានាងមិនចាក់វ៉ាក់សាំង Sinovac ផងក៏មិនដឹង៕