ផ្ទួនៗណាស់! កូនប្រុសពៅរបស់ មង្គល ទីណា មិនទាន់ជាផង ស្រាប់តែឪពុកតារាប្រុសរូបនេះ ឆ្លងកូវីដ-១៩ ទៀត
កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយពាក់ព័ន្ធក្រុមគ្រួសាររបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា ដែលភរិយា កូនប្រុសអាយុ ៣ ឆ្នាំ និង ប្អូនប្រុសរបស់លោកបានរកឃើញឆ្លងកូវីដ-១៩ នៅខេត្តកោះកុង ។
ក្នុងនោះ កាលពីថ្ងៃទី ១៤ ខែកក្កដាកន្លងទៅ ភរិយា និង ប្អូនប្រុសរបស់លោកក៏បានជាសះស្បើយហើយដែរ ប៉ុន្តែកូនប្រុសពៅអាយុ ៣ ឆ្នាំ របស់លោក មង្គល ទីណា នៅមិនទាន់ជានោះទេ បើទោះជាបានសម្រាកព្យាបាលប្រមាណជាងកន្លះខែ និង ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ ដង ក្រោយព្យាបាលនោះ ។
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅ រង្វង់សិល្បៈមានការព្រួយបារម្ភពីសុខទុក្ខរបស់លោក មង្គល ទីណា បន្ថែមទៀតនោះ គឺស្របពេលកូនពៅអាយុ ៣ ឆ្នាំ របស់លោកមិនទាន់ជាសះស្បើយផង ស្រាប់តែឪពុកបង្កើតរបស់លោក ដែលកំពុងរស់នៅទីក្រុងតាខ្មៅក៏បានរកឃើញវិជ្ជមានកូវីដ-១៩ ដូចគ្នាដែរ ។ នេះបើតាមការឱ្យដឹងពីប្អូនស្រីបង្កើតរបស់លោក មង្គល ទីណា ។
ដំណឹងនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើល យ៉ាងពួកគេក៏បានចូលរួមជូនពរ និង លើកទឹកចិត្តដល់ក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះឱ្យឆាប់ជាសះស្បើយមកផ្ទះវិញផងដែរ ៕