ទប់ទៀតលែងបាន Mai Davikah ប្រកាសក្តែងៗទាំងក្លាហាន ទាមទាររឿងសំខាន់នេះ
ចាប់តាំងមានការរីករាលជំងឺកូវីដ-១៩ យ៉ាងគំហុកក្នុងប្រទេសថៃមក គេកត់សម្គាល់ថា មានតារាសិល្បៈថៃជាច្រើនដួងបានចេញមកប្រើប្រាស់សំឡេង និង ប្រជាប្រិយភាពរបស់ខ្លួន ដើម្បីបណ្ដេញរដ្ឋាភិបាលឱ្យចុះចេញពីតំណែង ដោយហេតុតែគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ មិនទាន់ពេលវេលា ។
បើងាកទៅមើលតារាសម្ដែងស្រីជួរមុខ Mai Davikah ឯណោះវិញ ខណៈដែលឃើញប្រទេសខ្លួន ចេះតែដុនដាបទៅៗព្រោះតែកូវីដ-១៩ វាយលុកខ្លាំង នាងក៏បានចេញមកបង្ហោះសារទាមទាររកវ៉ាក់សាំងល្អពីរដ្ឋាភិបាលដើម្បីចាក់ជូនប្រជាជនផងដែរ ។
ជាមួយសារដ៏មានអត្ថន័យ តារាស្រីខាងលើបានសរសេរថា «តើប្រជាជនត្រូវអត់ធ្មត់ដល់ពេលណាទៀត? យើងជួយគ្នាគ្រប់បែបយ៉ាង ហើយពេលនេះគឺយើងត្រូវជួយគ្នាទាមទារសិទ្ធិដែលពួកយើងគួរតែបាន ។ ទោះបីជាពេលអនាគទៅជាយ៉ាងណា ពួកយើងត្រូវតែរួមគ្នាស៊ូបន្តទៀត ។ ប្រជាជនគ្រប់គ្នាគួរតែទទួលបានវ៉ាក់សាំងដែលមានគុណភាពល្អ ដោយមិនចាំបាច់ចំណាយលុយនោះឡើយ ។ ពោលគឺវាជាសិទ្ធិដែលគួរទទួលបានការអនុញ្ញាតជាមូលដ្ឋាន សូមបែងចែកឱ្យបានច្បាស់លាស់»។
ទន្ទឹមនឹងឃើញសារដែលពោរពេញដោយអត្ថន័យល្អនេះមក ក្នុងនោះវាពិតបានធ្វើឱ្យមិត្តៗសិល្បករ និង មហាជនថៃពេញចិត្ត និង កោតសរសើរតារាស្រីស្រស់ Mai Davikah ខ្លាំងណាស់ ៕