ម៉េង កែវពេជ្ជតា សារភាពថាខ្លួនជាមនុស្សរឹង អាចធ្វើជាប្រុស ឬ ស្រីក៏បាន ព្រោះហេតុផលនេះ
កន្លងមកមហាជនអ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់តារាស្រីពហុជំនាញជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ប្រាកដជ្រាបច្បាស់មកហើយ ក្រោយពីអ្នកនាងបានលែងលះស្វាមីប្រមាណជាជាង ១០ ឆ្នាំមុននោះ ហើយអ្នកនាងបានយកកូនប្រុសស្រីមកចិញ្ចឹមបីបាច់ក្នុងដៃផ្ទាល់ ។
ជាការពិត ក្នុងនាមជាអ្នកម្តាយត្រូវចិញ្ចឹមមើលថែកូនប្រុសស្រីឱ្យធំដឹងក្តី គឺមិនមែនជាភាពងាយស្រួលនោះទេ ក្នុងនាមជាស្ត្រីមេម៉ាយ ប៉ុន្តែក្រឡេកទៅមើលអ្នកនាង ម៉េង កែវពេជ្ជតា ពិតជារឹងមាំ ស័ក្តិសមជាម្តាយល្អដែលបានមើលថែកូនៗឱ្យបានធំធាត់ និង មានចំណេះដឹងរហូតមកដល់សព្វថ្ងៃ ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារមានន័យយ៉ាងចាក់ដោតមួយ និង សារភាពចំៗថាអ្នកនាងជាបុគ្គលរឹងរូស ដែលអាចដើរតួជាប្រុសក៏បាន ស្រីក៏បានក៏ព្រោះតែកូនៗ ។
តារាជើងចាស់រូបនេះ បានបង្ហោះរូបភាពក្នុងឈុតប្រពៃណី និង ឈុតទាហាន ព្រមទាំងបានរៀបរាប់ថា «មនុស្សតែម្នាក់ក្នុងសម្លៀកបំពាក់ផ្សេងគ្នា ! ចង់បង្ហាញថា ខ្ញុំធ្វើអ្វីទៅតាមរបត់នៃជីវិតដែលកើតឡើង ចង់ឱ្យធ្វើជាប្រុសក៏បាន ចង់ឱ្យធ្វើជាស្រីក៏បាន អាស្រ័យដោយហេតុផលនៃកាលៈទេសៈ ។ សូមទោស ពេលខ្លះខ្ញុំរឹងបន្តិចហើយ ក៏ព្រោះតែខ្ញុំជាម្តាយផង ជាឪពុកផងរបស់កូនៗខ្ញុំ ប៉ុន្តែខ្ញុំក៏ចេះទន់ភ្លន់ផ្អែមល្ហែមដែរ ។ ទាំងនេះគឺអ្វីដែលជាខ្ញុំ តើអ្នកស្រឡាញ់ខ្ញុំទេ?» ៕