សូមសរសើរ! សាយ បំផុសបំផុលគំនិតជាថ្មី ជួយពេទ្យកុមារអង្គរ ក្រោយក្មេងៗឆ្លងកូវីដ
ជាការពិតណាស់ មហាជនទូទាំងប្រទេសប្រាកដបានជ្រាបហើយទាក់ទងនឹង តារាចម្រៀង Original Song លោក សាយ ដែលកាលពីចុងឆ្នាំ ២០២០ កន្លងមក លោកបានបង្កើតកម្មវិធី «រត់ដើម្បីសម្បុរសធម៌ជាមួយសាយ» ក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ។
កម្មវិធី «រត់ដើម្បីសម្បុរសធម៌ជាមួយសាយ» ដែលបានបង្កើតដោយតារាប្រុសរូបនេះ គឺទទួលបានការគាំទ្រ និង ចូលរួមជួយបរិច្ចាគថវិកា ពីបងប្អូនមហាជនខ្មែរជាច្រើន ដែលនៅថ្ងៃបញ្ចប់នៃកម្មវិធីនេះ សាយ ទទួលបានថវិកាពីការរៃអង្គាសនេះ ប្រមាណ ៤៨ ម៉ឺនដុល្លារ ដែលបានផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ និង អាចជួយកុមារបានចំនួន ជាង ១ ម៉ឺននាក់ ។
ដោយឡែកថ្មីៗនេះ ក៏បានឃើញ សាយ ធ្វើការបំផុសបំផុលជាថ្មី ក្នុងការរៃអង្គាសថវិកា ដើម្បីធ្វើការជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ក្រោមមូលហេតុមានកុមារចំនួន ២ នាក់ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ និង មានអាការធ្ងន់ ដោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ។
ក្នុងនោះ សាយ ក៏បានបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលក្ខណៈសហគមន៍នៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើនឡើង និង បង្កឱ្យមានផលលំបាកជាច្រើន ក្នុងរយៈពេលវែងដល់អ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងមន្ត្រីសុខាភិបាលនៅទូទាំងប្រទេស រួមទាំងមន្ទីរពេទ្យកុមារអង្គរនេះ ទើបលោកសូមធ្វើការអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ធ្វើការជួយបរិច្ចាគថវិកា តិចក្ដី ច្រើនក្ដី ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ក្នុងស្ថានភាពដ៏លំបាកនេះ ៕