Yang Mi ត្រូវអតីតឪពុកក្មេក ទម្លាយរឿងសំងាត់មួយ ទាក់ទងរវាងម្ដាយកូនរបស់នាង
ចាប់តាំងពីតារាសម្ដែងស្រីចិនដ៏ល្បី អ្នកនាង Yang Mi និង លោក Hawick Lau បានសម្រេចលែងលះគ្នាកាលពីឆ្នាំ ២០១៨ កន្លងមក អតីតប្តីប្រពន្ធតារាល្បីមួយគូនេះ ក៏បានរៀបចំពេលវេលាក្នុងការមើលថែទាំកូនស្រីរួមគ្នាផងដែរ ។ បើទោះបីជាពួកគេបានលែងលះគ្នាដាច់ស្រេចក៏ដោយ ។
ដោយមើលឃើញពីការងារមមាញឹករបស់អ្នកទាំងពីរ នៅក្នុងអាជីពសិល្បៈ ដែលត្រូវចាំបាច់ក្នុងការចិញ្ចឹមបីបាច់កូនទៀតផងនោះ ពួកគេក៏បានប្រគល់នាងតូច Xiao Nuomi ទៅឱ្យឪពុកម្ដាយក្មេកខាងលោក Hawick ជាអ្នកមើលថែជំនួស ។
យ៉ាងណាមិញ លោក Hawick Lau នៅពេលដែលទំនេរពីការងារសិល្បៈរបស់គាត់ គេតែងតែបានឃើញវត្តមានរបស់លោក ចូលរួមព្រឹត្តិការណ៍សាលាជាមួយ Noemie មិនដែលអាក់ខានឡើយ ដោយឡែក Yang Mi នាងតែងតែអវត្តមានមិនបានចូលរួម ហើយនាងក៏ធ្លាប់រងការរិះគន់ផងដែរ ។
រហូតដល់ប្រមាណ ២ ឆ្នាំចុងក្រោយនេះ ក៏មានជំងឺកូវីដឆ្លងរីករាលដាលកាន់តែខ្លាំងឡើង ធ្វើឱ្យមានការលំបាកសម្រាប់ Yang Mi និង កូនស្រី ក្នុងការជួបគ្នា គិតរហូតពេលនេះតារាសម្ដែងរូបនេះ នាងមិនបានទៅលេងកូនស្រីរបស់ខ្លួន អស់ពេលជិត ១ ឆ្នាំមកហើយ ។
ទើបបានជាមានព័ត៌មានចុះផ្សាយនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះថា នៅក្នុងកម្មវិធីមួយ បានសម្ភាសន៍លោក Lau Dan ដែលត្រូវជាអតីតឪពុកក្មេករបស់នាង បាននិយាយថា៖ «ចៅស្រីរបស់លោក Noemie គេនឹកម្ដាយរបស់គេណាស់ ហើយគេក៏បានទូរស័ព្ទផ្ទាល់ទៅកាន់ម្ដាយរបស់គេដែរ ។ ដោយមើលឃើញក្នុងលេខប្រើប្រាស់ផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែលោកក៏មិនច្បាស់ដែរថា នាងបានខលវីដេអូជាមួយម្ដាយ ដែរឬអត់» ។
អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់ព័ត៌មានរបស់ Yang Mi នេះ កំពុងក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុត ឈរលើទំព័រមុខ ជាមួយគ្នានឹងរឿងអាស្រូវរបស់លោក Kris Wu នៅលើបណ្ដាញសង្គម Weibo ។
ទោះជាយ៉ាងណា អ្នកនិយមលេងបណ្ដាញសង្គមខាងលើនេះ បានសម្ដែងការធូរចិត្តខ្លះបន្តិច នៅពេលបានឃើញមានមើលព័ត៌មានផ្សេងទៀត ដែលថាលោក Lau Dan គាត់តែងតែមានអ្វីដែលនិយាយមិនល្អអំពី Yang Mi ជាប់រហូតមក ៕
ប្រភព៖ jaynestars