![ផ្អែមម្ល៉េះ! តួអ្នកប្រុសឡឹក មានទម្លាប់មួយកែមិនឡើង ឱ្យតែពេលគេងជិតប្រពន្ធគឺធ្វើបែបនេះ](https://www.popular.com.kh/wp-content/uploads/2021/07/News02-6.jpg)
ផ្អែមម្ល៉េះ! តួអ្នកប្រុសឡឹក មានទម្លាប់មួយកែមិនឡើង ឱ្យតែពេលគេងជិតប្រពន្ធគឺធ្វើបែបនេះ
តារាសម្ដែង និង ចម្រៀងហុងកុង លោក Pakho Chau ដែលអ្នកគាំទ្រតែងហៅថា អ្នកប្រុស ឡឹក ដើរតួសម្ដែងក្នុងរឿងភាគល្បីរបស់ប៉ុស្តិ៍ TVB ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ការងារក្នុងវិស័យសិល្បៈកម្សាន្តរបស់តារាប្រុសវ័យ ៣៦ ឆ្នាំរូបនេះ គឺជានៅមានសន្ទុះការគាំទ្រខ្លាំងដដែល ពីសំណាក់ទស្សនិកជនដែលនិយមគាំទ្រចំពោះរូបលោក និង មានការចាប់អារម្មណ៍ខ្លាំងទ្វេដង ជាពិសេសទាក់ទងនឹងជីវិតគ្រួសារឯកជនផ្ទាល់របស់លោក ។
ជាក់ស្ដែង ដូចជារឿងមួយនេះ ដែលតារាប្រុសរូបនេះ ធ្វើដាក់ប្រពន្ធជាទីស្រឡាញ់របស់លោក អ្នកនាង Stephanie Chu ដោយត្រូវបានមិត្តរួមការងារនឹងលោក បានទម្លាយថា Pakho Chau មានទម្លាប់មួយមិនអាចកែបាននោះ គឺមិនអាចគេងម្នាក់ឯង និង ពេលគេងគឺចូលចិត្តកាន់ដៃប្រពន្ធជាប់ស្ទើរតែពេញមួយយប់ ។
ជាមួយគ្នានោះ សាមីខ្លួនលោក Pakho Chau ក៏ធ្លាប់បាននិយាយពីទម្លាប់មួយមិនអាចកែរបស់លោកផងដែរ នៅក្នុងបទសម្ភាសន៍មួយថា ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីរៀបការជាមួយនឹងប្រពន្ធរបស់លោក រៀងរាល់យប់គាត់តែគេងកាន់ដៃប្រពន្ធជាប់រហូតពេលគេង លុះត្រាតែ លោកក្រោកឡើងទៅបន្ទប់ទឹកពាក់កណ្ដាលយប់ ទើបព្រមលែងដៃនាង ។
ចំណុចនេះហើយដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាហុងកុង Pakho Chau ពេញចិត្តពេញថ្លើមនឹងទម្លាប់រ៉ូមេនទិករបស់លោកចំពោះភរិយាយ៉ាងខ្លាំង និង ប្រាថ្នាចង់បានមនុស្សប្រុសផ្អែមល្ហែមដូចជាលោក ធ្វើជាគូអនាគតផងដែរ ។
គួរបញ្ជាក់ផងដែរថា Pakho Chau នឹងភរិយារបស់លោក បានមានទំនាក់ទំនងនឹងគ្នារយៈពេល ១០ ឆ្នាំមកហើយ មុនពេលអ្នកទាំងពីរសម្រេចរៀបការជាមួយគ្នានៅឆ្នាំ ២០១៦ និង មានកូនស្រីម្នាក់ជាចំណងដៃ កាលពីឆ្នាំ ២០១៩ ផងដែរ ។ ក្រុមគ្រួសាររបស់តារាហុងកុងរូបនេះ គឺជាប់ឈ្មោះជាគ្រួសារសិល្បករឆ្នើម គំរូជាងគេរបស់ហុងកុង ៕
ប្រភព៖ thestar