(វីដេអូ) រៀបការមានកូន ២ នាក់ សង់ផ្ទះធំប៉ុនភូមិគ្រឹះ Margie បែរជាធ្លាប់គិតចង់លែងលះប្ដី ព្រោះរឿងនេះ
ជាគ្រួសារមួយដែលរស់នៅពោរពេញដោយក្ដីសុខសុភមង្គល សម្រាប់តារាសម្ដែងស្រីជួរមុខនាង Margie Rasri និង តារាចម្រៀង Rap ល្បីឈ្មោះលោក Pok Mindset ។
ចាប់តាំងពីរៀបការជាមួយស្វាមីមក តារាស្រី Margie រស់នៅក្នុងជីវិតហាយសូរខ្លាំង ដែលមិនចាំបាច់ខ្វល់ខ្វាយពីរឿងជីវភាពទៀតនោះទេ ព្រោះគ្រួសារស្វាមីរបស់នាង គឺជាគ្រួសារអ្នកជំនួញធំមួយមានទ្រព្យសម្បត្តិវាល់លាន អាចចាយមួយជីវិតក៏មិនអស់ផង ។
ជាពិសេស ក្រោយ Margie បានបង្កើតកូនភ្លោះប្រុសស្រីដ៏គួរឱ្យស្រឡាញ់ទាំងពីរនាក់ទៀតនោះ កាន់តែធ្វើឱ្យគ្រួសារខាងស្វាមីស្រឡាញ់ពេញចិត្តនាងទ្វេដង ។ ជារឿយៗ មហាជនអ្នកគាំទ្រតែងអួតសរសើរនូវជីវិតដ៏មានក្ដីសុខរបស់គ្រួសារតារាគូនេះណាស់ថាជាគ្រួសាររីករាយ ពិសេសសម្រាប់តារាប្រុស លោក Pok ដែលជាស្វាមី តែងមើលថែគ្រួសាររបស់ខ្លួនបានយ៉ាងល្អ មិនថាប្រពន្ធ ឬ កូន គឺមិនឱ្យខ្វះចន្លោះនោះទេ ។
ដោយឡែក ថ្មីៗនេះ ស្រាប់តែលេចរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងកម្មវិធី ป๊อกกี้ on the run ដោយនៅសុខៗ ស្រាប់តែតារាស្រី Margie សួរទៅប្ដីរបស់ខ្លួនថា តើធ្លាប់គិតថានឹងលែងលះជាមួយនាងដែរឬទេ? ក្រោយពីបានស្ដាប់សំណួរនោះមក Pok ដែលជាស្វាមីតារាស្រី Margie ហាក់ស្រឡាំងកាំង ព្រោះថាមិននឹកស្មានថាប្រពន្ធមកសួរសំណួរបែបនេះឡើយ ។
ជាមួយគ្នានោះ មិនទុកឱ្យប្រពន្ធឆ្ងល់យូរ Pok ក៏បានឆ្លើយភ្លាមថា លោកពុំដែលធ្លាប់គិតថាលែងលះគ្នា ទោះបីមានពេលមួយ លោក និង ប្រពន្ធធ្លាប់មើលមុខគ្នាមិនចំក៏ដោយ តែលោកហាក់យល់ពីទំហំក្ដីស្នេហ៍ដែលលោកមានចំពោះគ្រួសារ ។
យ៉ាងណាមិញ ងាកទៅមើលតារាស្រី នាង Margie ឯណោះវិញ បន្ទាប់ពីស្វាមីបានឆ្លើយសំណួរនោះហើយ មិនបង្អង់យូរនាងក៏ទម្លាយប្រាប់ Pok សម្រាប់នាងគឺធ្លាប់មានចិត្តគិតថានឹងលែងលះជាមួយ Pok ព្រោះនាងជាមនុស្សចិត្តត្រជាក់មិនមាត់ឡើយ ទោះបីមានរឿងអ្វីក៏ដោយ តែ Pok វិញជាមនុស្សចូលចិត្តរអ៊ូរទាំ ឆាប់អន់ចិត្ត និយាយមិនសូវជាចេះគិតដល់អារម្មណ៍អ្នកដទៃឡើយ ។
បើងាកទៅមើល លោក Pok នៅពេលដែលបានឮភរិយានិយាយឱ្យខ្លួនបែបនោះ ក៏កើតអារម្មណ៍អន់ចិត្ត ព្រោះមិននឹកស្មានថាខ្លួនធ្វើឱ្យប្រពន្ធពិបាកចិត្ត តែទោះបីជាយ៉ាងណាក្ដី នេះក៏គ្រាន់តែជាការនិយាយអារម្មណ៍ពីចិត្តរៀងខ្លួនរបស់តារាស្រី Margie និង Pok ប៉ុណ្ណោះ ខណៈនេះពួកគេមិនមានរឿងរ៉ាវណាដែលសៅហ្មងទៀតនោះទេ ។
ជាការពិត ចានក្នុងរ៉ាវរមែងតែប៉ះទង្គិចគ្នាជាធម្មតា ដូចគ្នានឹងជីវិតប្តីប្រពន្ធកាលណាតែរស់នៅជាមួយគ្នាគឺជៀសមិនផុតឡើយពីរឿងប៉ះមាត់ប៉ះកគ្នានោះទេ តែសំខាន់គឺម្នាក់ៗត្រូវចេះរកវិធីកែខៃយ៉ាងម៉េច ដើម្បីឱ្យគ្រួសារស្រស់បំព្រងឡើងវិញតែប៉ុណ្ណោះ ៕