ខានជួបមុខសង្សារយូរពេក ទ្រាំមិនបាន Taew សម្រេចចិត្តធ្វើបែបនេះ
មិនថាអ្នកស្ថិតក្នុងរង្វង់សិល្បៈនោះទេដែលស្គាល់តារាស្រីស្រស់ Taew Natapohn ជាពិសេសទស្សនិកជនដែលចូលចិត្តតាមដានជីវិតឯកជនរបស់តារាថៃច្បាស់ជាដឹងហើយថា តារាសម្ដែងស្រី Taew Natapohn និង សង្សារសេដ្ឋីរបស់នាងគឺលោក Pranai ជាគូស្នេហ៍ដ៏សែនផ្អែមល្ហែម ពេលទៅណាមកណាតែងបណ្ដើរគ្នាយ៉ាងត្រសងប្រៀបដូចរលកញីឈ្មោល មិនសូវបាត់ភាគីម្នាក់ណាឡើយ ។
យ៉ាងណាមិញ ពេលនេះ ប្រទេសជាតិកំពុងតែផ្ទុះការរីករាលដាលខ្លាំងនូវជំងឺកូវីដ-១៩ ដូច្នេះ ពួកគេទាំងពីរមិនអាចជួបគ្នា ឬ ចេញដើរហើរណាត់ជួបគ្នា ដូចកាលពីមុនបានទៀតឡើយ ។ ថ្វីដ្បិតកំឡុងពេលនេះ ពួកគេទាំងពីរមិនអាចជួបគ្នាដូចកាលពីមុនក៏ពិតមែន ប៉ុន្ដែនេះក៏មិនមែនជាឧបសគ្គក្នុងការរារាំងស្នេហារបស់គូសង្សារដ៏ស្និតល្មួតមួយគូនេះបាននោះដែរ។
ព្រោះតែខានជួបមុខសង្សារបណ្ដូលចិត្ត យូរពេក ថ្មីៗនេះ តារាស្រីស្រស់ Taew បានបង្ហោះរូបថតចាស់ៗរវាងខ្លួន និង ហាយសូរ Pranai ជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់នាង ហាក់បង្ហាញពីក្ដីនឹករឭកដល់សង្សារសំណព្វចិត្ត ជាខ្លាំង ហើយក្នុងនោះនាង ថែមទាំងបានរៀបរាប់យ៉ាងផ្អែមល្ហែមទៀតថា « ឃុំខ្លួនឃុំទៅចុះ កុំឱ្យតែឃុំចិត្ត »។
ជាមួយគ្នានោះ បើងាកទៅមើល ហាយសូរ Pranai ឯណោះវិញ ខណៈឃើញសង្សារបង្ហោះបែបនោះ ហាក់ដូចជាមានអារម្មណ៍រំភើប ហើយក៏បានចូលទៅតបខមមិនភ្លាមៗ ដោយដាក់រូបស្ទិកគ័រ បេះដូងពណ៌ក្រហមដែលតំណាងឱ្យទំហំក្ដីស្នេហ៍មិនចេះសាបសូន្យចំពោះមិត្តស្រីខ្លួន ។ បើនិយាយពីអ្នកគាំទ្រ ឯណោះវិញ ម្នាក់ៗរម៉ិចរមួលខ្លួនអស់ទៅហើយស្របពេលឃើញភាសាស្នេហ៍យ៉ាងផ្អែមប្រៀបបានដូចជាទឹកឃ្មុំរវាង Taew និង មិត្តប្រុសនាងបែបនេះ ៕