សាន្ត កុសុមៈ តួអង្គទេវតាឆ្នាំនេះ សម្រុកមិនដកដៃ ស្របពេលរូបសម្រស់កាន់តែរីកដូចផ្កា
មហាជនធ្លាប់បានស្គាល់ហើយពីកញ្ញា សាន្ត កុសុមៈ ជាធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ ដែលជាតួអង្គតំណាងឱ្យទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់ ក្រោយពីលេចរូបរាង មុខមាត់ក្រៅពីតុបតែងជាទេវតា នៅខាងក្រៅយ៉ាងស្រស់ស្អាតលេចធ្លោនោះ ។
លើសពីនោះ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទាក់ទាញទេ យុវតីយវ័យ ២១ ឆ្នាំរូបនេះ ក៏មានសមត្ថភាព និង ទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈ ព្រមទាំងរូបនាងទទួលបានការសរសើរខ្លាំង ក្រោយបានដឹងថានាងមានសមត្ថភាពអាចនិយាយបានរហូតទៅដល់ ៤ ភាសាបានយ៉ាងល្អ ។
អ្វីដែលគួរឱ្យកត់សម្គាល់ បើក្រឡេកមើលអាជីពរបស់ សាន្ត កុសុមៈ ក្នុងពេលបច្ចុប្បន្ននេះ រូបនាងកាន់តែហក់ចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង និង ក្លាយជាតារាស្រីមួយរូបពោរពេញដោយទេពកោសល្យ ដែលឃើញលេចមុខសម្ដែងជាតួឯកស្រីក្នុងខ្សែភាពយន្តខ្មែរតូចធំល្បីៗជាច្រើន ជាពិសេសភាពយន្តខ្មែរខ្នាតធំមួយ ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ថ្មីៗនេះ គឺរឿង «នគរមាស» ។
បើចាប់អារម្មណ៍លើរូបសម្រស់របស់នាងវិញ ក៏កាន់តែទាក់យកបេះដូងរបស់អ្នកគាំទ្រខ្លាំងឡើង តាមរយៈការបញ្ចេញរូបភាពស្ទីលប្លែកៗយ៉ាងគួរឱ្យស្រឡាញ់លើបណ្ដាញសង្គមរបស់នាង ។
ជាមួយគ្នានោះ សង្កេតឃើញថា តារាស្រីរូបនេះ មិនត្រឹមតែឆក់បានប្រជាប្រិយភាពក្នុងសង្គមសិល្បៈជាមួយនឹងការសម្ដែងខ្សែភាពយន្តផ្សេងៗ ក៏ដូចជារូបសម្រស់ស្រស់សោភានោះទេ ថែមទាំងសព្វថ្ងៃមានសន្ទុះទីផ្សារខ្លាំងមួយមុខទៀត គឺក្លាយជាអ្នកតំណាងឱ្យផលិតផលក្នុងស្រុកល្បីៗមួយចំនួនផងដែរ ៕