តារាល្បី ៥ រូបនេះ ពូកែដាក់ឈ្មោះកូនប្រុស និង ប៉ិនរកនឹកស្ទីលតុបតែងខ្លួនឱ្យ គួរឱ្យក្នាញ់
កន្លងមក «ប្រជាប្រិយ» ធ្លាប់បានលើកយកនូវ រឿងរ៉ាវជីវិតឯកជនរបស់សិល្បករ-សិល្បការិនីជាច្រើនមកហើយជម្រាបជូនដល់មហាជន ក្រោយពីពួកគេបានរៀបការសាងគ្រួសារ និង មានកូនជាទាយាទស្នងត្រកូលហើយនោះ ។
ថ្ងៃនេះ យើងសូមលើកយក នូវសិល្បការិនីចំនួន ៥ រូប ដែលមានទាយាទស្នងត្រកូលដំបូងជាកូនប្រុសវិញម្ដង មកបង្ហាញជូនប្រិយមិត្តអ្នកអាន។ តារាស្រីទាំង ៥ រូប នេះ ពូកែរកនឹកដាក់ឈ្មោះឱ្យកូន និង តុបតែងខ្លួនឱ្យកូនគួរឱ្យក្នាញ់ ស្ទើរគ្រប់ពេល។
១- តារាចម្រៀង ឱក សុគន្ធកញ្ញា
ក្រោយពីបានរៀបការនឹងស្វាមី អ្នកនាង ឱក សុគន្ធកញ្ញា ក៏សម្រេចយកទាយាទស្នងត្រកូលភ្លាមៗ ដោយអ្នកទាំងពីរទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុស ព្រមទាំងដាក់ឈ្មោះឱ្យអូនតូចយ៉ាងពីរោះថា «អ៊ឹង បញ្ញាបុត្រ» ហៅ ឆលី ។ បច្ចុប្បន្នអូនតូច ឆលី មានអាយុជិត ២ ឆ្នាំ មែន តែកូនរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ ទទួលបានប្រជាប្រិយភាពពីអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង ក៏ព្រោះតែមុខមាត់គួរឱ្យស្រឡាញ់ និង ការតុបតែងខ្លួនឃ្យូដៗ។
២- តារាសម្តែង សិទ្ធី នីកា
ក្រោយពីបានរៀបការនឹងស្វាមីសែរាជវង្សហើយនោះ អ្នកនាង សិទ្ធី នីកា ក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុសដ៏ស្រស់ស្អាត ដោយអ្នកនាងបានដាក់ឈ្មោះឱ្យរាជបុត្រតូចថា «នរោត្តម ពង្សច័្រកី» ហៅ Enzo ។ ទើបអាយុ ២ ឆ្នាំរាជបុត្រ Enzo ក៏មិនខុសពីម៉ាក់ៗនោះឡើយ ពោលគឺទទួលបានការចាប់អារម្មណ៍ និង ក្តីស្រឡាញ់ពីមហាជនយ៉ាងច្រើនផងដែរ ។
៣- តារាចម្រៀង ពេជ្រ សូលីកា
បើទោះជាមិនទាន់បានរៀបការតាមប្រពៃណី តែតារាចម្រៀង ពេជ្រ សូលីកា និង គូដណ្តឹង ទទួលបានចំណងដៃស្នេហ៍ជាកូនប្រុស ហើយពេលនេះអូនតូចមានអាយុ ១ ឆ្នាំ ហើយដែរ ។ កូនប្រុស ពេជ្រ សូលីកា មានឈ្មោះថា «ហង្ស អ៊ារីវ៉េនស្តេ» ហៅ Ari ក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងឈ្មោះជាភាសាអង់គ្លេសដ៏ពីរោះនេះខ្លាំងណាស់ដែរ ។
៤- តារាសម្តែង ឌុច លីដា
តារាសម្តែង ឌុច លីដា បើទោះជាបានសម្រេចចិត្តមានកូន ទើបរៀបការតាមក្រោយក្តី ប៉ុន្តែពេលនេះ អ្នកនាង និង ស្វាមី ព្រមទាំងកូនប្រុសជាទីស្រឡាញ់ កំពុងតែសាងគ្រួសាររស់នៅយ៉ាងមានសុភមង្គល ។ បច្ចុប្បន្ន កូនប្រុសរបស់ ឌុច លីដា ឈ្មោះថា «កិត្យា មុន្នី» ហៅ London អាយុ ១ ខួប កន្លះ ក៏កំពុងតែត្រូវបានមហាជនចាប់អារម្មណ៍ដូចគ្នាដែរ ក៏ព្រោះតែអូនតូច London ឆ្លាត និង គួរឱ្យស្រឡាញ់ណាស់ ។
៥- តារាសម្តែង នៅ សូនីតា
កូនប្រុសអ្នកនាង នៅ សូនីតា ក៏ត្រូវបានមហាជនមានការចាប់អារម្មណ៍ដូចគ្នាដែរ ក៏ព្រោះតែទើបអាយុ ២ ឆ្នាំ តែកូនប្រុសរបស់នាងភាពវ័យឆ្លាត ចេះដឹងដូចមនុស្សធំ ។ កូនប្រុសតារាស្រីរូបនេះ ក៏មានឈ្មោះពីរោះដែរ ដោយអ្នកនាង និង ស្វាមីបានដាក់ឈ្មោះកូនថា «ទិត្យ សង្រ្កាន្តគាថាណារិទ្ធ» ហៅអូន សង្ក្រាន្ត ៕