ធ្មេចបើកៗ Maddox កូនប្រុសច្បង Angelina Jolie មានឈាមជ័រខែ្មរសុទ្ធ អាយុ ២០ ឆ្នាំបាត់
ប្រិយមិត្តប្រាកដជាបានឃើញ និង ស្គាល់រួចមកហើយនូវកំលោះមហាសំណាង Maddox Jolie Pitt ជាកូនប្រុសច្បងសំណព្វចិត្តរបស់តារាហូលីវូដស្រីល្បីឈ្មោះរបស់អាមេរិក គឺនាង Angelina Jolie ដែលបានសុំពីប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ខណៈពេលចុះសម្តែងរឿង «The tomb raider» មកធ្វើជាកូនចិញ្ចឹមនោះ ។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ធ្មេចបើកៗ កំលោះឈាមជ័រខ្មែរសុទ្ធ Maddox បានឈានចូលវ័យគម្រប់ ២០ ឆ្នាំហើយ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយរូបគេបានធំធាត់យ៉ាងល្អស្ថិតក្រោមការគ្រប់គ្រងបីបាច់ថែរក្សាអប់រំពីអ្នកម្តាយ Angelina រហូតមក ។
តាមព័ត៌មានបានឱ្យដឹងថា ក្នុងឆ្នាំនេះ Maddox ជាសិស្សឆ្នាំទីពីរនៃសកលវិទ្យាល័យហើយ តែលោកមិនបានរៀននៅអាមេរិកជិតនឹងម្តាយនោះទេ គឺដោយសារតែចង់បានបទពិសោធថ្មី ទើបលោកបានហោះហើរទៅរៀនដល់ប្រទេសកូរ៉េខាងត្បូងឯណោះ ដោយជ្រើសយកសកលវិទ្យាល័យល្បី Yonsei នាក្រុងសេអ៊ូល ព្រមទាំងជ្រើសយកមុខវិជ្ជាជីវគីមីវិទ្យាផងដែរ ហើយលោកក៏បានរៀនភាសាកូរ៉េ និង ភាសារុស្ស៊ីបន្ថែមថែមទៀតផង ។
យ៉ាងណាមិញ មហាជនម្នាក់ៗពិតជាមានការនឹកស្ញើចសរសើរណាស់ចំពោះវាសនារបស់ Maddox ដែលដល់ថ្នាក់តារាលំដាប់ពិភពលោកមេត្តាយកទៅបីបាច់មើលថែ ហើយគេក៏សង្ឃឹមដែរថាលោកនឹងអាចដើរតាមដានជើងម្តាយចូលទៅប្រឡូកក្នុងវិស័យហូលីវូដផងដែរ ដោយកន្លងមកគេបានឃើញលោកចូលរួមដឹកនាំរឿង «First They killed my father» ជាមួយអ្នកម្តាយ Angelina នេះឯង ៕
ប្រភព៖ Hollywood life