ក្រុមចម្រៀងនារីកូរ៉េ ៧ ក្រុមនេះ ប្រើតែសមត្ថភាពសិល្បៈ វាយលុកពេញពិភពលោក
អាចនិយាយបានថា វិស័យ KPOP ជាកត្តាមួយដ៏សំខាន់ដែលបានជួយជំរុញប្រទេសកូរ៉េខាងត្បូងឱ្យល្បីកក្រើកពាសពេញពិភពលោក។ ក្នុងនោះដែរ គេសម្គាល់ឃើញក្រុមចម្រៀងចំនួន ៧ ដែលបានស្រវាក្ដោបយកជោគជ័យសាងប្រវត្តិសាស្ដ្រក្នុងវិស័យ KPOP ឱ្យមានកេរ្ដិ៍ឈ្មោះល្បីល្បាញមកទល់ពេលបច្ចុប្បន្ន។ ម្ល៉ោះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកក្រុមចម្រៀងនារីទាំង ៧ ក្រុម ដែលបានធ្វើឱ្យប្រទេសកូរ៉ខាងត្បូងមានមោទកភាពមកបង្ហាញជូនប្រិយមិត្តអ្នកអាន។
៧. Red Velvet
ក្រុមចម្រៀងនារី Red Velvet បានចាប់ផ្តើមប្រឡូកវិស័យ KPOP ក្នុងឆ្នាំ ២០១៤។ ក្រុមនេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជុំវិញពិភពលោកមិនតិចឡើយ ចំពោះការចេះបន់បែនក្នុងស្ទីលចម្រៀងរបស់ពួកគេ ដែលមានទាំងបែបគួរឱ្យស្រឡាញ់ (Cute Cute) ឬ បែបស៊ិចស៊ី និង អាចនិយាយបានថា គ្រប់រសជាតិចម្រុះតែម្ដង។
៦. Wonder Girls
ទោះបីជាក្រុមចម្រៀងនេះ បានរំសាយរួចហើយក៏ពិតមែន តែបើយើងក្រឡេកទៅមើលសមិទ្ធិផលរបស់ពួកគេ នាកាលប្រឡូកក្នុងឆ្នាំ ២០០៧ នោះគឺពិតជាមិនធម្មតាឡើយ។ ក្រុមនេះ គឺជាក្រុមចម្រៀង ដំបូងគេបង្អស់ និង នាំមុខគេ ដែលបានព្យាយាមចូលខ្លួនទៅបំបែកទីផ្សារចម្រៀងអាមេរិក។ មិនតែប៉ុណ្ណោះ ចម្រៀងរបស់ពួកគេ ក៏បានជាប់ក្នុងតារាង Billboard ថែមទៀតផង។ ដោយឡែក មកទល់សព្វថ្ងៃក្រុម Wonder Girls ក៏នៅតែទទួលបានការចងចាំ និង ការគោរព ស្រឡាញ់ពេញចិត្តពីសំណាក់មហាជនដដែល។
៥. KARA
ក្រុមចម្រៀងនេះ បានជាប់ឈ្មោះ ជាក្រុមដែលមានភាពជោគជ័យ និង ជាអ្នកនាំមុខគេក្នុងការទាក់ទាញប្រជាប្រិយភាពគ្របដណ្តប់ក្នុងប្រទេសជប៉ុន។ ក្រុមចម្រៀងនារីរូបស្រស់នេះ ត្រូវបានប្រជាជនជប៉ុនស្រឡាញ់គាំទ្រខ្លាំងណាស់ និង ក្លាយជាក្រុមចម្រៀងនារី ដំបូងគេបង្អស់ ដែលបានសម្តែងនៅកីឡាដ្ឋាន Tokyo Dome របស់ប្រទេសជប៉ុនថែមទៀតផង។
៤. 2NE1
អ្នកណាមិនស្គាល់ក្រុមចម្រៀងនារី 2NE1 ដែលបានធ្វើឱ្យវិស័យ Kpop កក្រើកមិនធម្មតានាពេលកន្លងមក។ ក្រុមចម្រៀងមួយនេះ ពិតជាមិនធម្មតាឡើយ ដោយពួកគេបានប្រើសមត្ថភាពសិល្បៈបម្រើអារម្មណ៍ទស្សនិកជនតាមរយៈស្ទីលនៃការច្រៀង ពីរោះៗ ក្បាច់រាំប្លែកៗ ព្រមទាំងមានស្ទីលតុបតែងខ្លួនស្អាតៗទាន់សម័យថែមទៀតផង។ យ៉ាងណាមិញ ទោះបីជា 2NE1 បានរំសាយក្រុមហើយក្តី ក៏វត្តមានរបស់ពួកគេនៅតែមាននៅក្នុងបេះដូងអ្នកគាំទ្រជានិច្ច ហើយអ្នកគាំទ្រក៏សង្ឃឹមថាសមាជិកម្នាក់ៗនៅតែអាចបម្រើអារម្មណ៍មហាជនដដែល ព្រោះសមត្ថភាពរបស់ពួកគេម្នាក់ៗពិតជាមិនមានអ្នកណាជំនួសបានឡើយ។
៣. Girls’ Generation
តាំងពីប្រឡូកវិស័យសិល្បៈក្នុងឆ្នាំ ២០០៧ មក ក្រុមចម្រៀងដែលមានសមាជិករហូតទៅដល់ ៩ នាក់នេះ ត្រូវបានគេទទួលស្គាល់ថា ពិតគ្មាននរណាអាចឈានមុខបានឡើយ ក្នុងការបញ្ចេញចម្រៀងពីរោះៗ ល្បីៗ ជាមួយនឹងស្ទីលរាំទាក់ភ្នែករបស់ពួកគេនាពេលកន្លងមក។ យ៉ាងណាមិញ មកទល់ពេលនេះ សមាជិកក្រុមនេះ នៅសល់ត្រឹមតែ ៥ នាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ ក្រុមចម្រៀងស្រីស្អាតៗនេះ បានផ្អាកការបញ្ចេញចម្រៀងជាក្រុមទៅហើយ ដោយគេឃើញថាសមាជិកម្នាក់ៗ បានងាកទៅធ្វើការក្នុងនាមជាតារាទោលរៀងៗខ្លួនវិញ ប៉ុន្តែមួយរយៈនេះ បានលេចឮថា ពួកគេអាចនឹងត្រលប់មកជុំគ្នាវិញ ក្នុងការបញ្ចេញចម្រៀងជាថ្មី តែបើតាមការមើលទៅ អាចនឹងត្រូវប្រើប្រាស់ពេលវេលាយូរបន្តិច។
២. TWICE
ក្រុមនេះ ត្រូវបានគេដឹងថា បានជាប់ចំណាត់ថ្នាក់ទីពីរ ក្នុងក្រុមចម្រៀងនារីជំនាន់ទី ៣ ដែលមានភាពជោគជ័យ ចាប់តាំងពីបានប្រឡូកក្នុងវិស័យសិល្បៈមកម្ល៉េះ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានបំបែកកំណត់ត្រាជាច្រើន ដែលធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេ កាន់តែរីកសាយភាពទៅកាន់ពិភពលោកថែមទៀតផង។
១. BLACKPINK
ក្រុម BLACKPINK គឺបានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមក្រុមចម្រៀងនារីកូរ៉េ ដែលមានឥទ្ធិពលឆក់យកសន្ទុះប្រជាប្រិយភាពខ្លាំងបំផុតក្នុងវិស័យ KPOP នេះ។ ពួកគេបានធ្វើឱ្យមហាជនទូទាំងពិភពលោក ងាកមកចាប់អារម្មណ៍ជាមួយវិស័យ KPOP កាន់តែខ្លាំងក្នុងឆ្នាំ ២០២១ នេះ។ មិនតែប៉ុណ្ណោះ ក្រុមចម្រៀងស្រីដែលមានសមាជិក ៤ រូបនេះ ព្រមទាំងបានបំបែកទីផ្សារចម្រៀងអាមេរិកជាច្រើន និង ថែមទាំងបំបែកកំណត់ត្រា ទាំងក្នុង និង ក្រៅប្រទេស ព្រមជាមួយនឹងការសហការចេញចម្រៀងជាមួយកំពូលតារាចម្រៀងល្បីៗរបស់ពិភពលោកថែមទៀតផង៕
ប្រភព៖ koreaboo