លាក់បាំងអស់ ៤ ខែហើយ រំដួលលិចទឹក ទើបដាច់ចិត្តទម្លាយប្រាប់ឪពុកម្តាយថាខ្លួនឈឺធ្ងន់ នៅថ្ងៃខួបកំណើត
ជាការពិតណាស់ ថ្មីៗនេះមហាជនអ្នកគាំទ្រអ្នកច្នៃម៉ូដសម្លៀកបំពាក់ រំដួលលិចទឹក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានបង្ហាញពីអាការសុខភាពកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ អស់រយៈពេលប្រមាណជា ៤ ខែហើយដោយសារតែមានជាតិពុលក្នុងឈាម និង បញ្ហាក្រពះធ្វើទុក្ខ ហើយមានអាការវិលមុខ គេងមិនលក់ ព្រមទាំងមិនអាចបរិភោគអាហារបានច្រើនឡើយ ជាហេតុកាន់តែធ្វើឱ្យសុខភាពរបស់លោករឹតតែទ្រុឌទ្រោមខ្លាំងទៅ គួបផ្សំនឹងកើតមានជំងឺបាក់ទឹកចិត្តផងនោះ ។
ក្នុងនោះ ឈឺអស់រយៈពេលច្រើនខែនេះ បានធ្វើឱ្យ រំដួលលិចទឹក ស្រកទម្ងន់ដល់ទៅជាង ១០ គីឡូ ដែលធ្វើឱ្យលោកមើលទៅមានសភាពស្គមស្គាំងខ្លាំង និង កើតជំងឺបាក់ទឹកចិត្តបែបនេះ ។ មានអ្នកគាំទ្រក្នុងបណ្ដាញសង្គមជាច្រើន បានចូលទៅខមមិនសម្ដែងការព្រួយបារម្ភ និង ជូនពរដល់លោក ព្រមទាំងជួយលើទឹកចិត្តឱ្យឆាប់បានជាសះស្បើយពីជំងឺ ត្រឡប់មកបង្ហាញវត្តមានក្នុងចង្កោមសិល្បៈកម្សាន្តវិញឆាប់ៗ ។
យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ នេះ ជាថ្ងៃកំណើតអ្នកច្នៃម៉ូដទទួលបានប្រជាប្រិយភាពខាងលើនេះ តែមហាជនកាន់តែស្រណោះថែមទៀតដល់ រំដួលលិចទឹក ព្រោះជារៀងរាល់ឆ្នាំ បើទោះមិនរៀបចំកម្មវិធីធំដុំយ៉ាងណា តែលោកក៏មានស្នាមញញឹមទទួលបានពីភាពរីករាយក្នុងថ្ងៃពិសេស ។ ដោយឡែកឆ្នាំនេះ រំដួលលិចទឹក បែរជាកំពុងឱបជំងឺ ហើយបានត្រឹមបង្ហោះសារសុំទោសដល់អ្នកមានគុណ ដោយលោកបានលាក់បាំងពីស្ថានភាពជំងឺដល់អ្នកមានគុណទាំង ២ ។
សារថ្ងៃកំណើតធ្វើនោះ រំដួលលេចទឹក បានរៀបរាប់ថា «ថ្ងៃនេះជាថ្ងៃពិសេសបំផុតសម្រាប់ជីវិតកូន កូនសូមក្រាបសំពះបាទសុំខមាលទោសរាល់កុំហុសឆ្គង ដែលកូនបានធ្វើមិនល្អដោយប្រការណាមួយចំពោះលោកទាំងពីរ សូមលោកអ្នកមានគុណទាំងពីរអភ័យដល់កូនផង ហើយកូនក៏សូមអរព្រះគុណ និង សូមគោរពដឹងចំពោះលោកឪពុក និង អ្នកម្តាយ ដែលបានលះបង់កម្លាំងកាយចិត្តស៊ូដើម្បីឱ្យកូនម្នាក់នេះបានបើកភ្នែកមើលពិភពលោកដ៏ស្រស់ស្អាតមួយនេះ ។ កូនសូមឱ្យអំពើល្អ ដែលកូនបានសាងតាំងពីដើមរហូតមក កូនសូមប្រាថ្នាកើតជាតិណាៗ កូនសូមប្រាថ្នាឱ្យបានកើតជាកូនលោកទាំងពីរគ្រប់ភពគ្រប់ជាតិ ហើយកូនក៏សូមទោសចំពោះលោកទាំងពីរ ដែលរយៈពេលជិត ៤ ខែនេះ កូនបានលាក់បាំងរឿងជំងឺក្នុងខ្លួនកូនដែលកូនទើបតែប្រាប់លោក ។ កូនសូមទោស ដែលកូនមិនទាន់ទាំងអាចមើលថែខ្លួនឯងឱ្យបានល្អ ធ្វើឱ្យលោកពុក និង អ្នកម្តាយមានការព្រួយបារម្ភដល់កូន ។ កូនសូមសន្យាថា ចាប់ពីថ្ងៃនេះតទៅកូននឹងខិតខំមើលថែខ្លួនឯង និង គ្រួសារយើងឱ្យបានល្អ និង មានសុភមង្គលបែបនេះជារៀងរហូត» ៕