ដើម្បីកូន សូដា នីតា និង ស្វាមី ប្រឹងខ្លាំង ជិតឆ្ងាយមិនខ្វល់ ដឹកដៃគ្នាទៅទិញដី សន្សំទុកឱ្យកូន
បើទោះជាកន្លងមកទើបបានបង្ហោះសារប្រកាសស្វែងរកប្រពន្ធចុងឱ្យស្វាមីក៏ពិតមែន ប៉ុន្តែនៅពេលនេះ តារាស្រី សូដា នីតា មើលទៅកាន់តែមានភាពផ្អែមល្ហែមល្អូកល្អិននៅក្នុងក្រុមគ្រួសារដូចដើម ។ លើសពីនោះ គ្រួសារតូចដែលមាននាង ស្វាមី និង កូនប្រុសជាចំណងដៃស្នេហ៍នោះ ក៏ហាក់មើលទៅកាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យអ្នកដទៃលួចច្រណែនមិនតិចនោះ ។
បើក្រឡេកទៅមើលជីវភាពប្រចាំថ្ងៃរបស់តារាស្រីខាងលើនេះដែរ ក្រោយពីសាងគ្រួសារនឹងតារាសម្តែងប្រុស យុទ្ធ ឋានៈ ហើយនោះ មហាជនសង្កេតឃើញថា គូស្វាមីភរិយាអ្នកទាំង ២ នេះ ហាក់ចាប់ដៃគ្នាកសាងគ្រួសារយ៉ាងជោគជ័យ មិនថាតែស្នេហា ឬ លើមុខជំនួញ និង ការងារសិល្បៈនោះឡើយ ដោយថ្មីៗនេះ គេបានសង្កេតឃើញថា សូដា នីតា និង ស្វាមី បានដើរទិញដីជាច្រើនកន្លែងពីប្រាក់ជាកម្លាំងញើសឈាម និង ការសន្សំរបស់ខ្លួន ។
តួយ៉ាងកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ នេះ អ្នកនាង សូដា នីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក អមនឹងសារឱ្យដឹងថា នាង និង ស្វាមីបានដឹកដៃគ្នាមកទិញដីមួយកន្លែងទៀតហើយ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលាន់មាត់ថា សូដា នីតា ដើរទិញដីគ្រប់កន្លែង ។ លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ សូដា នីតា ក៏បានឆ្លើយតបវិញថា មកពីកូនចិញ្ចឹមទ្រព្យ ទើបនាងទិញដីច្រើនកន្លែងបែបនេះ ហើយដីនេះដែរនាងថាជាកាដូសម្រាប់កូនប្រុសអាយុ ៥ ខែ របស់ខ្លួន និង ស្វាមី ៕