ភ្ញាក់ផ្អើលខ្លាំង សុទ្ធ បញ្ចកា បង្ហាញមុខគូស្នេហ៍ថ្មី ជាគ្រូពេទ្យចិត្តធម៌ ក្រោយបែកពីអេដវីន
ប្រិយមិត្តដែលនិយមតាមដានពីជីវិតឯកជន អ្នកនាង សុទ្ធ បញ្ចកា ច្បាស់ជាជ្រាបខ្លះហើយពីជីវិតស្នេហាដ៏ជូរចត់របស់នាង ដែលភប់ប្រសព្វនឹងស្នេហាមិនសមប្រកបច្រើនលើកច្រើនសារ ធ្វើឱ្យអ្នកនាងទទួលរងនូវវិបត្តផ្លូវចិត្តមិនស្ទើរនោះទេ ។
ជាក់ស្តែងកន្លងទៅ រឿងរ៉ាវដ៏កក្រើកមួយរបស់អ្នកនាង និង តារាសម្តែងប្រុសរូបសង្ហា អេដវីន ដែលគេស្គាល់ជាគូស្នេហ៍នោះ បានធ្វើឱ្យមហាជនចាប់ក្រសែភ្នែកយ៉ាងខ្លាំង ព្រោះជីវិតស្នេហ៍របស់អ្នកទាំងពីរជួបតែរឿងរកាំរកូសច្រើនជាផ្អែមល្ហែម រហូតដល់ចុងក្រោយមុនឈានដល់បែកបាក់គ្នានេះ គឺរឿងប្រើអំពើហិង្សាពីសំណាក់លោក អេដវីន លើអ្នកនាង ធ្វើកក្រើកពេញបណ្តាញសង្គម ដោយសារការប្រចណ្ឌ។
យ៉ាងណាមិញ បន្ទាប់ពីលោក អេដវីន បានទទួលកំហុស និង ត្រូវផ្តន្ទាទោសតាមច្បាប់ហើយនោះ គេកត់សម្គាល់ឃើញរឿងរ៉ាវខាងលើក៏បានស្ងប់ស្ងាត់ ដោយម្នាក់ៗបានប្រើប្រាស់ជីវិតរៀងៗខ្លួន ដោយគ្មានការពាក់ព័ន្ធគ្នាទៀត ។ បើនិយាយចំពោះអ្នកនាង សុទ្ធ បញ្ចកា មកដល់ពេលនេះ អ្នកនាងក៏ហាក់បានធូរស្រាលចិត្តខ្លាំងហើយដែរ បន្ទាប់ពីរឿងរ៉ាវនោះបានបញ្ចប់ និង ពេលនេះដែរ មហាជនក៏បានកត់សម្គាល់ឃើញអ្នកនាងក៏កំពុងប្រើជីវិតថ្មី ដើម្បីលុបបំបាត់ស្នាមឈឺចាប់កាលពីកន្លងមកផងដែរ ។
ជាការពិត បើតាមទំព័រហ្វេសប៊ុករបស់អ្នកនាង សុទ្ធ បញ្ចកា ថ្មីៗបានបង្ហោះឱ្យបានដឹងថា ពេលនេះអ្នកនាង កំពុងតែបើកបេះដូងទទួលស្នេហ៍ថ្មីហើយ ដោយអ្នកនាងបានរកឃើញបុរសម្នាក់ត្រូវចិត្ត និង អាចមើលថែបេះដូងដែលកំពុងរងាកំព្រានេះឱ្យកក់ក្តៅឡើងវិញ ដោយបុរសម្នាក់នោះត្រូវបានគេស្គាល់ថាជាគ្រូពេទ្យចិត្តធម៌ម្នាក់ដែលល្បីលើបណ្ដាញសង្គមហ្វេសប៊ុក និង ជាអ្នកដែលតែងតែយកអាសាអ្នកផង នោះគឺលោក ហ៊ាង រតនា ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ មុននេះបន្តិច អ្នកនាង សុទ្ធ បញ្ចកា បានសម្រេចចិត្តលាតត្រដាងស្នេហ៍នេះយ៉ាងច្បាស់ៗជាភាសាអង់គ្លេស ដោយអ្នកនាងបានរៀបរាប់ថា «Anyway u win my heart ! Thank for trying to protect , take care and love stop being sad m sure choosing u Heang Rottana» ដែលមានន័យជាភាសាខ្មែរថា «ទោះយ៉ាងណា អ្នកបានយកឈ្នះបេះដូងខ្ញុំហើយ! អរគុណដែលព្យាយាមការពារថែរក្សា និង ស្រឡាញ់ ឈប់ពិបាកចិត្ត ខ្ញុំប្រាកដជាជ្រើសរើសអ្នក ហ៊ាង រតនា» ។
ក្រោយឃើញការបង្ហោះពីអ្នកនាង សុទ្ធ បញ្ចកា រួចមិនបានប៉ុន្មានផង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង បណ្តាមិត្តភក្តិ អ្នកនាង សុទ្ធ បញ្ចកា ជាច្រើនបានចូលរួមអបអរសាទរ និង បានជូនពរឱ្យស្នេហ៍ថ្មីអ្នកនាង និង គ្រូពេទ្យចិត្តធម៌ខាងលើជួបតែសុភមង្គម ស្រឡាញ់គ្នាគ្មានថ្ងៃប្រែទៀតផង ៕