ខួបកំណើតឆ្នាំនេះប្ដូរពីធ្វើកម្មវិធីសប្បាយ Mint ចំណាយលុយ ទៅធ្វើរឿងដ៏រំជួលចិត្តទាំងនេះ
នៅខណៈនេះ ប្រទេសថៃកំពុងតែរងការរាតត្បាតយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ មួយថ្ងៃៗ ក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញមានអ្នកឆ្លងថ្មីជាបន្តបន្ទាប់សុទ្ធតែខ្ទង់ម៉ឺននាក់ឯណោះ ដែលនេះជាក្ដីបារម្ភមួយយ៉ាងធំសម្រាប់ប្រជាជនថៃដែលខ្វះខាតពុំមានលទ្ធភាពព្យាបាល ដោយហេតុថា ចំនួនអ្នកជំងឺកាន់តែច្រើនធ្វើឱ្យគ្រែសម្រាលព្យាបាលកាន់តែខ្វះខាតមិនគ្រប់គ្រាន់ឡើយ។
ជាមួយគ្នានោះ បើងាកទៅមើលតារាប្រុសស្រីថៃឯណោះវិញ ក្រោយពីឃើញប្រជាជនខ្លួនរងការលំបាកខ្វះខាតដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយ ពួកគេក៏មិននៅស្ងៀមនោះដែរ ដោយម្នាក់ៗសស្រាក់សស្រាំជួយគ្នាទោះបីតិចក្ដីច្រើនក្ដី ។
តួយ៉ាងដូចតារាសម្ដែងស្រីស្រស់ Mint Chalida ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន គម្រប់ ២៨ ឆ្នាំ បានរៀបចំកញ្ចប់អាហារយកទៅធ្វើបុណ្យជួយដល់ប្រជាជនដែលកំពុងតែលំបាកខ្វះខាតអាហារហូបចុក។ ជាមួយនឹងការទទួលបានអំណោយពី តារាស្រី Mint ពិតធ្វើឱ្យប្រជាជនថៃដែលខ្វះខាតនោះមានសេចក្ដីរីករាយណាស់។
ខុសពីឆ្នាំរាល់ដង ដែលតារាស្រីរូបនេះ តែងតែរៀបចំកម្មវិធីអធិកអធម ប្ដូរមកជួយប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកវិញ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់នោះឡើយ ៕