ស្ងាត់ៗ នេត រក្សា ត្រូវស្ថាប័ន MUC ដកតំណែងរងទី ៣ ចេញយ៉ាងអាថ៌កំបាំង ផ្ទុះការភ្ញាក់ផ្អើល
ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រវិស័យកញ្ញាឯកកម្ពុជា ដោយសុខៗស្រាប់តែនាយកប្រតិបត្តិរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា លោក ម៉ែន និមលរ័ត្ន ចេញមកបង្ហោះសារក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកនឹងត្រៀមផ្ទេរតំណែងបំពាក់ឆៀងបវរកញ្ញាលំដាប់រងទី ៣ ឱ្យទៅកាន់បវរកញ្ញាលំដាប់រងទី ៤ កញ្ញា សួន ពិសី ជាអ្នកគ្រងវិញ ។
បើយោងតាមខ្លឹមសារដែលនាយកប្រតិបត្តិរូបនេះបានបង្ហោះថា «ខ្ញុំបាទនឹងរៀបចំប្រគល់ខ្សែឆៀងតំណែង 3 rd Runner Up MUC 2020 ជូនដល់កញ្ញា សួន ពិសី ចំពោះការគោរពការងារ ឬ និយាយសាមញ្ញថា Real Queen!» ។
ជុំវិញបញ្ហានេះ បានធ្វើឱ្យមហាជនជាច្រើនដែលស្នេហាវិស័យកញ្ញាឯក មានការងឿងឆ្ងល់ដោយហេតុថា នៅសុខៗស្រាប់តែបវរកញ្ញាឆ្នើមលំដាប់រងទី ៣ នេត រក្សា បែរជាត្រូវបាត់បង់តំណែងទៅវិញ ។ ជាមួយការសាកសួរ និង ឆ្លើយតបពីសំណាក់អ្នកគាំទ្រតាមរយៈខមមិននោះ លោក ម៉ែន និមលរ័ត្ន បានបញ្ជាក់ថា សម្រាប់បវរកញ្ញាចក្រវាល ២០២០ គឺពុំមានលំដាប់រងទៅទី ៤ ឡើយ ពោលគឺលោកមិនបានរកអ្នកមកជំនួសតំណែងនេះទេ ។
យ៉ាងណាមិញ បើងាកទៅមើល នេត រក្សា ដែលជាបវរកញ្ញាលំដាប់រងទី ៣ ដែលស្ថាប័ន MCU ដកហូតតំណែង ក៏ពុំទាន់មានប្រតិកម្មអ្វីដែរ ក៏ប៉ុន្តែនាងបានចេញបង្ហោះសារថា នាងនឹងចេញវីដេអូបកស្រាយជុំវិញរឿងរ៉ាវដែលបានកើតឡើងនេះ និង សូមឱ្យមហាជនរង់ចាំស្ដាប់ការបកស្រាយរបស់នាងផង ៕