ផ្ទុះការវែកញែកពេញហ្វេសប៊ុក ក្រោយដំណឹងដក នេត រក្សា ចេញពីតំណែងរងទី ៣ យ៉ាងអាថ៌កំបាំង
កាលពីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ មហាជននិយមស្នេហាវិស័យការប្រកួតដើរម៉ូដ ជាពិសេសកម្មវិធី Miss Universe Cambodia កំពុងតែការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីអ្នករៀបចំកម្មវិធីខាងលើនេះ គឺលោក ម៉ែន និមលរ័ត្ន បានបង្ហោះសារប្រកាសទាំងយប់ពីការផ្លាស់ប្តូរតំណែងរងទី ៣ MUC 2020 របស់កញ្ញា នេត រក្សា ទៅឱ្យរងទី ៤ កញ្ញា សួន ពិសី វិញ ។
បើតាមការបញ្ជាក់នៅលើការឆ្លើយឆ្លងពីអ្នកគាំទ្រលើខមមិន លោក ម៉ែន និមលរ័ត្ន បានឱ្យដឹងថា កញ្ញា នេត រក្សា ត្រូវបានដកហូតតំណែងរងទី ៣ MUC 2020 ក៏ព្រោះហេតុផលមួយចំនួន ហើយក្នុងនោះសម្រាប់តំណែងរងទី ៤ ដែលជាតំណែងចាស់របស់ សួន ពិសី ក៏គ្មានអ្នកមកជំនួសដែរ បន្ទាប់ពីនាងត្រូវជំនួសតំណែង នេត រក្សា នោះ ។
ការផ្លាស់ប្តូរភ្លាមៗ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងផ្ទុះការវែកញែកផ្សេងៗគ្នា ដោយខ្លះលើកឡើងថា អាចមកពីកញ្ញា នេត រក្សា ធ្វើខុសកិច្ចសន្យាណាមួយរបស់ MUC ហើយខ្លះទៀតក៏បានលើកឡើងថា មូលហេតុអាចមកពីកញ្ញា នេត រក្សា បានដកខ្លួនចាកចេញពីវិស័យដើរម៉ូដនេះផងមិនដឹង ។
យ៉ាងណាក៏ដោយ ស្របពេលមិនទាន់បានដឹងមូលហេតុច្បាស់លាស់នេះ កញ្ញា នេត រក្សា ឯនោះវិញ ក៏ពុំទាន់បានបញ្ជាក់ដូចគ្នាដែរ ពីការដកតំណែងរបស់ខ្លួន ប៉ុន្តែបើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់នាង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសង្កេតឃើញថា នាងនៅតែបើកបង្ហាញពីការណែនាំខ្លួនលើហ្វេសប៊ុកជា ជ័យលាភីរងទី ៣ MUC 2020 នៅឡើយ ។ លើសពីនោះ កញ្ញា នេត រក្សា ក៏បានបង្ហោះសារថា «សុំនៅស្ងៀមសិនណា Keep calm and wait for my video» ។ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើមហាជនអ្នកគាំទ្រ Miss Universe Cambodia ក៏កំពុងចង់ដឹង និង រង់ចាំការបកស្រាយពីកញ្ញា នេត រក្សា និង ស្ថាប័ន MUC ដូចគ្នាដែរ ៕