សុខៗលេចឮដំណឹង តារាសម្ដែងស្រី Natalie Tong ចង់ចេញពី TVB
តារាសម្ដែងស្រី Natalie Tong ថ្វីដ្បិតថានាងបានថតរឿងជាង ៥០ រឿងក្នុងអាជីពជាតារាសម្ដែងរយៈពេល ១៧ ឆ្នាំក៏ដោយ ប៉ុន្តែនាងក៏ចង់មានពេលវេលាផ្ទាល់ខ្លួន ដើម្បីសម្រាកពីសិល្បៈមួយរយៈធំផងដែរ ។
លើកដំបូងក្នុងឆ្នាំ ២០១៧ តារាស្រីរបស់ TVB រូបនេះ បានឈ្នះពានរង្វាន់ជាតារាសម្ដែងស្រីឆ្នើម ក្រោយពីសម្ដែងក្នុងរឿង «My Unfair Lady» ហើយពានរង្វាន់នេះ បាននាំឱ្យប្រជាប្រិយភាពរបស់នាងមានសន្ទុះយ៉ាងខ្លាំង រហូតទទួលបានការថតផ្សព្វផ្សាយពាណិជ្ជកម្មជាង ១០ ក្រុមហ៊ុន ។
មិនយូរប៉ុន្មានក៏មានការភ្ញាក់ផ្អើលម្ដងទៀតដោយមិននឹកស្មានថា Natalie បានធ្លាក់នូវប្រជាប្រិយភាពវិញ បាត់បង់ឱកាសក្នុងទទួលការងារជាច្រើន ។ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភអំពីអនាគតក្នុងវិស័យសិល្បៈកម្សាន្តរបស់នាង និង ត្រូវបានគេរាយការណ៍ថា នាងកំពុងពិចារណាដើរចេញពី TVB ដែលជាទ្រនំសោយសុខរបស់ខ្លួនទៀតផង ។
ទោះជាយ៉ាងណា ចំពោះមូលហេតុដែលធ្វើឱ្យនាងចង់ចាកចេញពីស្ថានីយនេះ មិនទាន់មានការបង្ហាញច្បាស់នៅឡើយនោះទេ ។ គ្រាន់តែគេកត់សម្គាល់ឃើញថា ការសម្ដែងរបស់នាងជាមួយនឹងរឿងរបស់ TVB បានធ្លាក់ចុះចំនួនអ្នកទស្សនាច្រើនឥតឈប់ឈរ ឈានដល់ចំណុចមួយគួរឱ្យព្រួយបារម្ភ ។
មិនតែប៉ុណ្ណោះ ក្រៅពីមិនឃើញវត្តមានរបស់តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ ក្នុងរឿងភាគទាំង ៤ របស់ TVB រយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយសូម្បីតែដំណឹងទាក់ទងនឹងជាមួយតារាស្រីរូបនេះ ក៏គ្មានការចេញផ្សាយរហូតមកដល់ពេលនេះ ។
គួរបញ្ជាក់បន្ថែមផងដែរថា តារាសម្ដែងស្រី Natalie Tong បានធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ដោយទទួលការងារផ្សព្វផ្សាយពាណិជ្ជកម្មតិចបំផុត រយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ៕
ប្រភព៖ JAYNESTARS