ដំបូងគេហើយ! Miss Grand Scotland ចេញមុខធ្វើរឿងនេះ ជួយប្រទេសថៃចេញពីវិបត្តិនយោបាយ
ប្រទេសថៃជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលកំពុងតែគំរាមគំហែងខ្លាំងពីការរីករាតត្បាតនៃជំងឺកូវីដ-១៩ ។ ពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពប្រទេសនេះចេះតែយ៉ាប់យ៉ឺនទៅៗ ដោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក៏កាន់តែមានសន្ទុះហក់ឡើងខ្លាំង ស្ទើរតែទប់ទល់លែងជាប់ហើយ ព្រោះខ្វះនូវសម្ភារ គ្រែ និង ក្រុមគ្រូពេទ្យជួយសង្គ្រោះ ។
ជាមួយនឹងស្ថានភាពដ៏លំបាកនេះ ប្រជាជនថៃហាក់ដាក់បន្ទុកធ្ងន់ទៅកាន់រាជរដ្ឋាភិបាលថៃដែលចាត់វិធានការគ្រប់គ្រងពុំទាន់ពេលវេលាដែលបណ្ដាលឱ្យប្រជាជនខ្លួនត្រូវរងទុក្ខវេទនាបែបនេះ ។ ដូចគ្នានោះ ពលរដ្ឋថៃ ជាច្រើនបានចេញមុខប្រឆាំង និង នាំគ្នាធ្វើបាតុកម្មទម្លាក់ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ឱ្យចុះចេញពីតំណែង ។
ស្ថានភាពនយោបាយក៏តានតឹង ស្ថានភាពនៃការរីករាលដាលក៏កាន់តែមានទំហំធំទៅ ពិតធ្វើឱ្យប្រជាជនថៃទ្រាំឈរមើលទៀតលែងបានសូម្បីតែតារាសិល្បៈថៃជាច្រើនក៏បានចេញមុខមកតវ៉ាប្រឆាំង និង មិនគាំទ្រយន្តការរបស់រដ្ឋាភិបាលខ្លួនសព្វថ្ងៃឡើយ ។
ដោយឡែក ពុំមានត្រឹមតែតារា អ្នកសិល្បៈថៃ ប៉ុណ្ណោះទេដែលឈឺឆ្អាលរឿងប្រទេសជាតិថៃ សូម្បីតែ Miss Grand Scotland 2020 នាង Helen Maher ក៏បានចេញមុខមកបង្ហោះរូបភាពលើកម្រាមដៃ ៣ កាន់ស្លាកតវ៉ា នៅក្នុងគណនីអ៊ីនស្ត្រាក្រាមរបស់ខ្លួនដើម្បីឱ្យស្ថាប័នអន្តរជាតិជួយប្រទេសថៃផងដែរ ។
ម៉្យាងវិញទៀត បវរកញ្ញាដ៏សែនក្លាហានទាំងដែលមិនមានជាឈាមជ័រថៃសូម្បីមួយតំណក់នោះ ក៏បានស្នើឱ្យមហាជនអ្នកគាំទ្ររបស់នាង ជួយស៊ែរចែករំលែកហេតុការណ៍នេះ ពេញបណ្ដាញសង្គមផង ដើម្បីជាបង្ហាញទៅកាន់ពិភពលោកថា ប្រទេសថៃនៅពេលនេះកំពុងតែមានបញ្ហាត្រូវការជំនួយ ។
ដូចគ្នានោះ គេក៏ឃើញមានប្រជាជនថៃជាច្រើន រួមទាំងស្ថាប័ន Miss Grand International ផងដែរ បានចូលទៅសម្ដែងការអរគុណដល់ បវរកញ្ញាប្រទេស Scotland ។ ទោះបីមិនមែនជាតិសាសន៍ថៃ តែនាងមានឆន្ទៈជួយពេលឃើញប្រទេសជាតិដទៃមានទុក្ខ ពិតគួរឱ្យសរសើរណាស់ ៕