ធ្លាប់តែឃើញសម្តែង តាមពិត ជា សុវណ្ណនរាហ៍ ក៏មានតួនាទីជាមន្ត្រីរាជការដែរ
ក្រោយផ្អាកមួយរយៈពីការបង្ហាញវត្តមានក្នុងការសម្តែងក៏ព្រោះជំងឺប្រចាំកាយ ថ្មីៗនេះ តារាសម្តែងលោក ជា សុវណ្ណនរាហ៍ ក៏បានវិលត្រឡប់មកកាន់អាជីពសិល្បៈវិញម្តងទៀតហើយ ដោយរឿងថ្មីរបស់លោកកំពុងតែចាប់ផ្តើមថតផងដែរ ។
ក្នុងនោះ មហាជនអ្នកគាំទ្រតួអង្គ «អាហេង» ក្នុងរឿង «ជួបស៊យ» និង ខ្សែភាពយន្តច្រើនទៀត លោក ជា សុណ្ណនរាហ៍ ក៏កំពុងតែទន្ទឹងរង់ចាំស្នាដៃការសម្តែងក្នុងខ្សែភាពយន្តថ្មី ថាតើតារាប្រុសរូបនេះ នឹងក្តោបតំណែងជាតួអង្គអ្វីនោះ ។
ជាការពិតណាស់ មុននឹងបោះជំហានឈានចូលវិស័យសម្តែង លោក ជា សុវណ្ណនរាហ៍ បានចាប់ផ្តើមក្នុងការប្រកួតកម្មវិធី «ស្រីស្រស់ប្រុសស្អាត» ហើយបន្ទាប់មកដោយសមត្ថភាព និង ទេពកោសល្យ ផ្សារភ្ជាប់នឹងរូបសម្រស់ដ៏ស្រស់សង្ហាលោកក៏បានក្លាយទៅជាតារាសម្តែង គ្រងតំណែងតួឯកជាច្រើនរឿងផងដែរ ។
ដោយឡែក ថ្មីៗនេះដែរ លោក ជា សុវណ្ណនរាហ៍ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ពីមុខងារក្រៅអាជីពសិល្បៈរបស់លោកផ្សេងទៀត ដោយលោកបានបង្ហាញឈុតជាមន្ត្រីរាជការនៃក្រសួងមហាផ្ទៃក្នុងថ្ងៃទៅទទួលចាក់វ៉ាក់សាំងដូសទី ៣ ។ ក្នុងនោះ បើទោះជាមិនច្បាស់ពីតួនាទី និង ឋានៈរបស់តារាប្រុសរូបនេះក៏ពិតមែន ប៉ុន្តែមហាជនក៏ហាក់ប្លែកចិត្តខ្លាំងណាស់ដែរ ព្រោះកន្លងមកលោក ជា សុវណ្ណនរាហ៍ មិនដែលបង្ហើបពីមុខងារនេះឡើយដល់មហាជន ៕