នៅស្ងៀមប៉ុន្មានថ្ងៃ ! នេត រក្សា ចេញមកបង្ហាញពាក្យក្នុងចិត្តរឿងរ៉ាវដកហូតតំណែងរងទី ៣ MUC
មហាជនដែលជាអ្នកគាំទ្រវិស័យកញ្ញាឯកកម្ពុជាបានជ្រាបហើយ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយទាក់ទងនឹងបវរកញ្ញាចក្រវាលកម្ពុជា ដោយសុខៗស្រាប់តែអ្នកគ្រប់គ្រងស្ថាប័ន Miss Universe Cambodia បានធ្វើការប្រកាសផ្លូវការលើបណ្ដាញសង្គម ដែលនឹងត្រៀមផ្ទេរតំណែងបវរកញ្ញាលំដាប់រងទី ៣ ឱ្យទៅកាន់បវរកញ្ញាលំដាប់រងទី ៤ វិញ។
ខណៈនោះ កញ្ញា នេត រក្សា ដែលជាបវរកញ្ញាចក្រវាលលំដាប់រងទី ៣ ដែលត្រូវប្រកាសដកហូតតំណែងបែបនេះ ក៏មិនបានឃើញចេញប្រតិកម្ម ឬ បកស្រាយទាក់នឹងរឿងនេះឡើយ ប៉ុន្តែងាកទៅមើលមហាជន ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញា ពិតជាមានការងឿងឆ្ងល់ជាខ្លាំង ព្រមទាំងធ្វើការសួរនាំវែកញែកទៅកាន់អ្នកគ្រប់គ្រងស្ថាប័ន Miss Universe Cambodia ទាក់ទងនឹងការផ្លាស់ប្ដូរតំណែងយ៉ាងអាថ៌កំបាំងនេះ ។
ដោយឡែកស្រាប់តែថ្មីៗនេះ បន្ទាប់ពីស្ងៀមស្ងាត់ប៉ុន្មានថ្ងៃ បវរកញ្ញាលំដាប់រងទី៣ កញ្ញា នេត រក្សា ក៏បានបញ្ចេញនូវអារម្មណ៍ពិតរបស់ខ្លួនទៅកាន់មហាជន ជាពិសេសអ្នកគាំទ្ររបស់នាងកន្លងមក ដោយរូបនាងបានពោលពាក្យយ៉ាងរំជួលចិត្តជុំរិញរឿងរ៉ាវខាងលើនេះ ។
ក្នុងនោះ នេត រក្សា បានបង្ហោះរូបភាពអនុស្សាវរីយ៍នាថ្ងៃទទួលតំណែងលំដាប់រងទី ៣ នៃ Miss Universe Cambodia 2020 ភ្ជាប់ជាមួយសារដោយនិយាយបែបនេះថា «សល់តែអនុស្សាវរីយ៍តែប៉ុណ្ណោះ ចាប់ពីពេលនេះតទៅ ! អរគុណខ្លាំងមែនទែន សម្រាប់ការគាំទ្ររបស់បងប្អូនទាំងអស់គ្នា ។ បទពិសោធន៍មួយនេះនឹងស្ថិតក្នុងការចងចាំរបស់នាងខ្ញុំជានិច្ច ។ ដល់ពេលដែលយើងត្រូវដើរទៅមុខទៀតហើយ កុំខ្វល់ពីអ្នកដែលចង់តែទម្លាក់យើង និយាយអ្វី ដែលមិនពិតពីយើង សំខាន់យើងបន្តដំណើរទៅមុខហើយផ្តោតតែលើគោលបំណងយើងទៅបានហើយ»៕