ធ្ងន់-កហើយ! Zhang Zhehan ត្រូវដៃគូសហការផ្តាច់កុងត្រាចោលគ្មានសល់ ដោយសារកំហុសអចេតនា នេះ
ផ្អើលអ្នកគាំទ្រក្នុងបណ្ដាញសង្គមចិនសាជាថ្មី ក្រោយពីតារាសម្ដែងប្រុស Zhang Zhehan ត្រូវបានប្រេនម៉ាកល្បីៗចំនួន ២៧ បានផ្តាច់កុងត្រាជាមួយលោកទាំងអស់ ក្នុងរយៈពេលមិនដល់ ៤ម៉ោងផង កាលពីយប់នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២១ ដោយបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញក្នុងបណ្ដាញសង្គម Weibo បន្ទាប់ពីរឿងអាស្រូវលោក Kris Wu ។
យោងតាមប្រភពចេញពី Jingdaily បានរាយការណ៍បញ្ជាក់ពីមូលហេតុដែលធ្វើឱ្យតារាសម្ដែងរូបនេះ បានបាត់បង់អ្វីៗក្នុងដៃស្ទើរគ្រប់យ៉ាងទាំងអស់ ដោយសារតែរូបថតប៉ុន្មានសន្លឹករបស់លោក បង្ហោះនៅលើបណ្ដាញសង្គម Weibo ផ្ទាល់ កាលពីខែសីហា ឆ្នាំ ២០១៨ អំឡុងពេលទៅលេងកម្សាន្តក្នុងប្រទេសជប៉ុន ដោយបានថតជាប់ កន្លែងប្រវត្តិសាស្រ្តនៃទីសក្ការបូជា Yasukuni នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាកន្លែងតម្កល់ធាតុមេដឹកនាំរបស់ជប៉ុន និង ធាតុកងទ័ពជប៉ុនជាង ១០០០ នាក់ ដែលធ្លាប់ចូលឈ្លានពានគ្រប់គ្រងចិន ក្នុងសង្រ្គាមលោកលោកទី ២ ។
ដោយសារតែរូបថតទាំងនេះហើយ ទើបបានជាមានរឿងចម្រូងចម្រាសបង្កជាបញ្ហាកាន់តែធំឡើង រហូតដល់ម៉ាកល្បីៗដែលជាដៃគូសហការទាំងអស់បានប្រកាសលុបចោលកិច្ចសន្យាជាមួយនឹងតារាប្រុសវ័យ ៣០ឆ្នាំរូបនេះ សូម្បីតែការថតរឿង និង កម្មវិធីទូរទស្សន៍ផ្សេងៗក៏បានប្រកាសផ្អាកបណ្ដោះអាសន្ន ចំពោះវត្តមានរបស់លោក ផងដែរ ៕