ចាំអត់? Harry Kim គណៈកម្មការប្រកួតរាំ My TV កាលពី ១០ ឆ្នាំមុន ពេលនេះកំពុងរស់នៅកូរ៉េយ៉ាងរីករាយ
រយៈពេលប្រមាណ ១០ ឆ្នាំមុន យុវវ័យដែលនិយមតាមដានទស្សនាកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ My Tv ប្រាកជាស្គាល់កម្មវិធីប្រកួតរាំមួយ ដែលមានការគាំទ្រយ៉ាងខ្លាំង ។ កាលនោះ កម្មវិធីខាងលើនេះដែរ មានការចូលរួមពីសិល្បករ-ការិនី ល្បីៗជាច្រើនធ្វើជាគណៈកម្មការ ។
មិនត្រឹមតែមានសិល្បករ-ការិនីកម្ពុជានោះទេ គេចាំបានថាកម្មវិធីប្រកួតរាំមួយនោះរបស់ទូរទស្សន៍ My Tv ក៏មានគណៈកម្មការជនជាតិកូរ៉េមួយរូបដែរ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺលោក Harry Kim ។
លោក Harry Kim គឺជាជនជាតិកូរ៉េ ដែលមករស់នៅក្នុងប្រទេសកម្ពុជា ដោយកាលអំឡុងឆ្នាំ ២០១០ ក្រៅពីធ្វើការក្នុងក្រុមហ៊ុនមួយ លោក Harry ក៏ជាគ្រូបង្ហាត់បង្រៀនរាំផងដែរ ដូច្នេះហើយទើបលោកមានឱកាសក្លាយទៅជាគណៈកម្មការកម្មវិធីប្រកួតរាំនោះ ។
ជាក់ស្តែង ក្រោយបង្ហាញមុខលើវិថីសិល្បៈជាច្រើនឆ្នាំ មហាជនអ្នកគាំទ្រហាក់សង្កេតឃើញថា ចាប់អំឡុងឆ្នាំ ២០១៥ មក លោក Harry Kim ហាក់មិនសូវបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ទៀតនោះឡើយ ដោយសារលោកបានវិលត្រឡប់ទៅរស់នៅឯស្រុកកំណើត ឯប្រទេសកូរ៉េវិញ ។ យ៉ាងណាក៏ដោយ កន្លងមកលោក Harry ក៏ធ្លាប់បានមកលេងប្រទេសកម្ពុជាម្តងម្កាលដែរ ។
គួរបន្ថែមថា ក្រោយត្រឡប់ទៅរស់នៅប្រទេសកូរ៉េវិញ អតីតគណៈកម្មការកម្មវិធីប្រកួតរាំនៅកម្ពុជាខាងលើនេះ ហាក់បង្ហាញក្តីរីករាយយ៉ាងខ្លាំង ជាមួយនឹងមិត្តភក្តិ ជាពិសេសក្រុមគ្រួសាររបស់លោកនៅឯងប្រទេសកូរ៉េ ៕