ហេង នរៈកក្កដា ក្តៅចិត្តឆេវខមមិនតបផាំង អ្នកសួរ បញ្ចកា រឿងមានថ្មីស្របពេល អេដវីន ជាប់ពន្ធនាគារ
ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រតារាសម្តែង អេដវីន ហាក់មានក្តីរន្ធត់ជួសលោកយ៉ាងខ្លាំង បន្ទាប់ពីអ្នកម្តាយរបស់តារាសម្តែងរូបនេះបានទទួលមរណភាព ស្របពេលលោកជាប់ពន្ធនាគារ ដោយការប្រើហិង្សាលើអតីតមិត្តស្រី អ្នកនាង សុទ្ធ បញ្ចកា ។
ងាកទៅអ្នកនាង សុទ្ធ បញ្ចកា បើទោះជាបានបែកគ្នា និង ធ្លាប់រងការវាយដំពីលោក អេដវីន ក៏ពិតមែន ប៉ុន្តែអ្នកនាងក៏ហាក់នៅតែព្រួយបារម្ភដល់តារាប្រុសរូបនេះដូចដើម សូម្បីតែថ្ងៃអ្នកម្តាយរបស់ អេដវីន លាចាកលោក ក៏អ្នកនាងបានប្រាប់ដំណឹងនេះមុនគេលើបណ្តាញសង្គមហ្វេសប៊ុក និង ថែមទាំងបានប្តូររូបភាពកាន់ទុក្ខទៀតផង ។
បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់អ្នកនាង សុទ្ធ បញ្ចកា ប៉ុន្មានថ្ងៃនេះហាក់បង្ហាញអារម្មណ៍មិនរីករាយយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើងថា អ្នកនាងកំពុងពិបាកចិត្តនឹងរឿងរ៉ាវកើតឡើងដល់រូបនាងនាពេលបច្ចុប្បន្ន ។
ជាក់ស្តែង នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ នេះ អ្នកនាងបានបង្ហោះសារថ្មីមួយទៀតថា «មិនដឹងថាត្រូវរ៉ាយរ៉ាប់ចំពោះអារម្មណ៍ប៉ុន្មានថ្ងៃនេះយ៉ាងម៉េច!!! ច្របូលច្របល់ ចង់យំចង់ស្រែក ចង់និយាយអីដែលលាក់ទុកតែឯង ចង់បកស្រាយ ចង់កែតម្រូវ ចង់ប្រឆាំង ចង់ស្តីឱ្យ ចង់ឈ្លោះ តែគ្រប់យ៉ាង វិធីដែលល្អ គឺគេឱ្យនៅឱ្យស្ងៀម ស្ងប់ស្ងាត់ តាមតំណើរសិន ! មិនចង់ឱ្យអ្នកណាមកគិតថាយើងល្អទេ តែសំខាន់ខ្ញុំគោរពសន្យា និង សតិសម្បជញ្ញៈរបស់ខ្ញុំ ! M here for u forever» ។
សារនោះដែរ អ្នកនាង សុទ្ធ បញ្ចកា ក៏មានការចូលរួមលើកកម្លាំងចិត្តពីមិត្តភក្តិជាច្រើន ដោយឡែកស្រាប់តែមានគណនីហ្វេសប៊ុកមួយបានសួរថា «គេថាអាយដលមានស្នេហាថ្មី ស្របពេល Edvin ដេកគុកតើពិតទេ?» ។ ភ្លាមនោះតារាសម្តែង លោក ហេង នរៈកក្កដា ដែលត្រូវជាមិត្តស្និទ្ធស្នាលអ្នកនាង សុទ្ធ បញ្ចកា និង លោក អេដវីន បានតបត្រឡប់វិញផាំងៗយ៉ាងក្តៅស្លឹកត្រចៀកថា «អូនពេលខ្លះសំណួរអូន បើប្អូនសួរទៅគាត់ ប៉ះពាល់អារម្មណ៍គាត់អូនសប្បាយចិត្តទេ ? បងសួរត្រង់ ? ពេលខ្លះសួរគេសូមមើលស្ថានភាពគេពេលនេះផង សូមប្រើនៅការគិតល្អជាងប្រើនៅចិត្តចង់ដឹងរឿងគេ» ។
មិនត្រឹមតែប៉ុណ្ណោះ លោក ហេង នរៈកក្កដា ក៏សរសេរបន្ថែមទៀតក្នុងន័យកំពុងព្រួយបារម្ភមិត្តភក្តិទៀតថា «បងអត់យល់អូន បើសួរគេៗសប្បាយចិត្តយើងសួរចុះ តែដឹងហើយ ឮហើយ ថាពេលនេះគ្នាវាម៉េច ? នៅតែសួរសំណួរបែបនេះមកគ្នាទៀត បើមិនបានជួយគ្នាទេ កុំជាន់គ្នាថែម» ៕