ទម្លាយជម្លោះក្ដៅគគុករបស់ Park YooChun និង ផលិតកម្ម ដល់ថ្នាក់បោះពាក្យធ្ងន់ៗដាក់គ្នា
តារាសម្តែងប្រុស និង ចម្រៀង អតីតសមាជិក TVXQ លោក Park YooChun ថ្មីៗនេះត្រូវបានក្រុមហ៊ុនផលិតកម្ម Re Cielo ជាទ្រនំផ្ទាល់ខ្លួន ចោទប្រកាន់ពីបទរំលោភទៅលើកិច្ចសន្យា ក្រោយរូបលោកចុះកុងត្រាជាមួយផលិតកម្មជប៉ុននៅក្រៅប្រទេស។
ក្នុងនោះ តារាប្រុស Park YooChun បានឱ្យដឹងជុំវិញករណីនេះ នៅក្នុងអត្ថបទព័ត៌មានរបស់ជប៉ុនថា ក្រុមហ៊ុន Re Cielo បានកិបកេងចំណូលរបស់លោក ទើបធ្វើឱ្យលោកសម្រេចផ្តាច់កុងត្រាជាមួយពួកគេតែម្តង។ តែខាងក្រុមហ៊ុន បានចេញមុខមកច្រានចោលការបកស្រាយនេះវិញ ដោយអះអាងថាជារឿងមិនពិតប្រឌិតទាំងស្រុង។
ក្រុមហ៊ុនបានបន្តទៀតថា Park YooChun បានលួចទៅចុះកុងត្រាស្ងាត់ៗ ជាមួយក្រុមហ៊ុនផលិតកម្មជប៉ុន ទាំងដែលគេបាននៅជាប់កុងត្រាផ្តាច់មុខជាមួយនឹង Re Cielo ។ ហើយចំពោះរឿងកិបកេងវិញ ក្រុមហ៊ុន ក៏បានឱ្យដឹងដូច្នេះវិញថា តាមពិតទៅ Park YooChun បានប្រើប្រាស់លុយក្នុងកាតធនាគាររបស់ក្រុមហ៊ុនអស់ច្រើនខ្លាំងណាស់ ក្នុងការសប្បាយហ៊ឺហារក្នុងជីវិតប្រចាំថ្ងៃ។ លោកថែមទាំងឱ្យកាតនេះ ទៅមិត្តស្រីខ្លួន ឱ្យនាងប្រើប្រាស់សប្បាយដើរទិញរបស់ប្រ៊េន ហើយនាងថែមទាំងចំណាយទៅលើល្បែងស៊ីសងផងដែរ។
លើសពីនេះ លោកបានអង្វរក្រុមហ៊ុន ឱ្យចេញថ្លៃជាង ៨៥ ០០០ ដុល្លារ ទៅលើការចំណាយរបស់លោក នៅកន្លែងកម្សាន្តថែមទៀតផង។ បន្ថែមពីនេះទៅទៀតនោះ ក្រុមហ៊ុនក៏បានជួយដោះបំណុលផ្ទាល់ខ្លួនរបស់លោក ដែលជំពាក់គេជិតប្រមាណ ១៧០ ០០០០ ដុល្លារផងដែរ។
យ៉ាងណាមិញ ខាងក្រុមហ៊ុនផលិតកម្ម Re Cielo ពិតជាមានការខកចិត្ត និងទទួលផលប៉ះពាល់ខ្លាំងណាស់ពីទង្វើរបស់ Park YooChun ហើយពួកគេក៏បានកំពុងរៀបចំចាត់ចែងករណីនេះទៅផ្លូវច្បាប់ផងដែរ៕
ប្រភព៖ KOREA BOO