ស្មានមិនដល់ ក្រោយស្នាមញញឹម Katreeya ធ្លាប់កើតជំងឺដ៏គួរឱ្យខ្លាចនេះ ១០ ឆ្នាំ ពេលខ្លះគិតចង់គិតខ្លីទៀត
ប្រិយមិត្តប្រកដជានៅចាំតារាស្រីជើងចាស់ Ketreeya ហើយ នាងជាតារាស្រីម្នាក់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងរង្វង់សិល្បៈ មិនថាផ្នែកចម្រៀង សម្តែង បង្ហាញម៉ូដនោះទេ ។ យ៉ាងណាមិញ មានអ្នកគាំទ្រមិនតិចទេឆ្ងល់ថា ហេតុអ្វីកន្លងមកមិនសូវឃើញមុខតារាស្រីថៃរូបនេះ បង្ហាញវត្តមាននៅក្នុងសង្គមសិល្បៈ ។
សម្រាប់មូលហេតុដែលតារាស្រីរូបនេះ បានបាត់មុខមិនសូវឃើញនៅលើវិថីសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំ ហើយទើបតែលេចមុខមកវិញនៅថ្មីៗនេះ ដោយសារតែនាងបានជួបរឿងអាក្រក់នៅក្នុងជីវិតមួយ នោះគឺនាងបានកើតជំងឺបាក់ទឹកចិត្ត រហូតធ្វើឱ្យនាងស្ទើរតែបញ្ចប់ជីវិតខ្លួនផងដែរក្នុងអំឡុងពេលបាត់មុខនោះ ។
ជុំវិញរឿងរ៉ាវនាំឱ្យកើតមានជំងឺនេះឡើង នាង Ketreeya ក៏ធ្លាប់ចេញមុខទម្លាយនៅក្នុងបទសម្ភាសនៃកម្មវិធី «Z Story » របស់ថៃ កាលពីពេលកន្លងទៅដែរថា «មុនពេលនាងឈានដល់ដំណាក់កាលកើតមានជំងឺនេះ ដំបូងឡើយមានពេលមួយគេបានហៅនាងទៅសម្តែងជាតួអង្គកាចនៅក្នុងរឿងភាគមួយ ខណៈពេលសម្តែងនាងក៏ព្យាយាមបញ្ជូលអារម្មណ៍ មនោសញ្ចេតនាឱ្យសមទៅនឹងជាតួកាច មានទាំងយំស្រែក ជាច្រើនវគ្គនៅក្នុងសាច់រឿងនោះ តែក្រោយពេលនាងថតចប់ នាងហាក់បីដូចជាមានអារម្មណ៍ខុសប្លែកខ្លួនឯង ព្រោះអារម្មណ៍ដែលធ្លាប់តែយំស្រែក កាចដែលនាងធ្លាប់សម្តែងវាហាក់បីដូចជានៅដក់ជាប់ក្នុងខួរក្បាលនាងមិនរលុបឡើយ រហូតធ្វើឱ្យនាងកើតអារម្មណ៍មួយមួម៉ៅ ស្រ្តេស ចង់យំ ចង់ស្រែក ដោយគ្មានហេតុផល គិតអ្វីមិនចេញ គិតតែរឿងអវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ រហូតមានពេលខ្លះមានគំនិតគិតខ្លីទៀតផង» ។
ជាមួយគ្នានោះដែរ នាងក៏បានបន្ថែមទៀតថា ក្រោយពីនាងមានអាការបែបនេះ នាងក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យ ដោយខាងគ្រូពេទ្យប្រាប់ថា នាងមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរត្រូវព្យាបាលជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យវាហួសពេលនោះ ។ ទន្ទឹមនឹងនោះដែរ នាងក៏ទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយចំណាយពេលជាង ១០ ឆ្នាំ ទើបនាងបានរួចផុតពីជំងឺដ៏ធ្ងន់ធ្ងរមួយនេះ ។
ចំណែក មូលហេតុដែលនាងអាចគេចផុតជំងឺមួយនេះ គឺចំណែកដ៏ធំបំផុតនោះគឺនាងខ្លួនឯង នាងព្យាយាមទាញសតិខ្លួនឯងឱ្យគិតអ្វីដែលល្អ ហើយនាងតែងតែយកគ្រួសារជាធំ គិតដល់គ្រួសារនាងថា ប្រសិនបើនាងកើតអ្វីទៅ នាងរួចខ្លួនហើយ តែអ្នកដែលត្រូវឈឺចាប់គឺឪពុកម្តាយ បងប្អូននាង ព្រោះពួកគាត់ខំផ្តល់ជីវិតឱ្យនាង ចុះហេតុអ្វីនាងមិនប្រឹងបន្តដើម្បីគាត់នោះ ។ មួយវិញទៀត នាងព្យាយាមញុំាថ្នាំ និង ស្តាប់តាមគ្រូពេទ្យណែនាំផងដែរ ។
គួរបញ្ជាក់ផងដែរថា ជំងឺមួយនេះវាអាចនឹងសាហាវលើសពីអ្វីដែលអ្នកកំពុងតែគិត ដូច្នេះដូចអ្វីដែលតារាស្រីរូបនេះបានបញ្ជាក់ខាងលើអីចឹង គឺ តស៊ូកុំចុះចាញ់ ព្យាយាមប្រឆាំង ព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង ទៅគិតអ្វីដែលវិជ្ជមាន ជាពិសេសគិតដល់គ្រួសារតែម្តង ៕
ប្រភព៖ Brighttv