ទម្លាយប្រវត្តិតារាស្រី Janie មុនប្រឡូកសិល្បៈក្លាយជាកំពូលតារាប្រចាំប្រទេស
ប្រិយមិត្តជាអ្នកគាំទ្ររបស់តារាសម្ដែងស្រី អ្នកនាង Janie Thienphosuwan ច្បាស់ជាចង់ដឹងអំពីជីវិតឯកជន និង ជីវប្រវត្តិបន្ថែមខ្លះៗរបស់នាង នាពេលកន្លងមកមិនខាន ។ Janie នាងគឺជាតារាសម្ដែងស្រីមានរូបសម្រស់ស្រស់ស្អាតមួយរូប ក្នុងចំណោមតារាស្រីល្បីៗជួរមុខរបស់ថៃ ហើយទេពកោសល្យ សមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការសម្ដែងរបស់នាង ត្រូវបានទស្សនិកជនទទួលស្គាល់ រួមជាមួយនឹងប្រជាប្រិយភាពរីកសុសសាយទូទាំងប្រទេស ។
ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យឧស្សាហកម្មកម្សាន្តរបស់ថៃ អស់រយៈពេលជាង ២០ ឆ្នាំ តារាស្រីរូបនេះបានឆ្លងកាត់នូវឧបសគ្គយ៉ាងច្រើន ប្រឹងប្រែងពុះពារដើរឆ្លងតែម្នាក់ឯង ។ Janie នាងកើតនៅ ១១ ខែកញ្ញា ឆ្នាំ ១៩៨១ នៅឯសហរដ្ឋអាមេរិក ហើយនាងបានផ្លាស់មករស់នៅក្នុងប្រទេសថៃវិញ នៅអាយុ ១១ ឆ្នាំ ។ តារាស្រីរូបនេះក៏មានប្អូនស្រីបង្កើតម្នាក់ផងដែរ ឈ្មោះ Janis ហើយចាប់ផ្តើមបង្ហាញខ្លួនក្នុងសិល្បៈកម្សាន្តថៃជាដំបូង នៅក្នុង MV មួយកាលពីនៅជាកុមារី ។
ក្រោយមកនាងបានចូលជាសមាជិកក្រុមចម្រៀងដ៏ល្បី NangFah និង មានមិត្តសម្លាញ់ជិតស្និទ្ធបំផុត គឺ Nana Rybena ។ ចាប់ពីពេលនោះមក នាងក៏បានឈានជើងចូលក្នុងអាជីពជាតារាសម្ដែងក្នុងរឿងភាគដំបូង ក្នុងឆ្នាំ ២០០១ ពីពេលនោះមក សន្ទុះប្រជាប្រិយភាពរបស់នាងក៏បានល្បីល្បាញខ្លាំងឡើងរហូតមកដល់បច្ចុប្បន្ននេះ។
យ៉ាងណាមិញ តារាសម្ដែងស្រីរូបនេះ មានជីវិតតស៊ូជាច្រើន ហើយនាងក៏ធ្លាប់ជួបបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយ ប៉ុន្តែទោះជាយ៉ាងណាតារាស្រីវ័យ ៤០ ឆ្នាំរូបនេះ នាងនៅតែអាចរកឃើញគូជីវិត គ្រួសារពេញទៅដោយសុភមង្គលពិតយ៉ាងពេញលេញ ព្រមទាំងមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃ ៕
ប្រភព៖ THAIUPDATE