កូវីដអុកឡុកពេក នាង Kate Yeung ធ្លាក់ខ្លួនពីតារាហុងកុងឈ្នះពានឆ្នើម មកធ្វើសន្តិសុខ
នាពេលកន្លងទៅនេះ មានដំណឹងលេចឮយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយតារាសម្ដែងស្រីរបស់ហុងកុង Kate Yeung ជាតារាស្រីល្បីឈ្មោះមួយរូប ធ្លាប់ទទួលបានពានរង្វាន់តារាសម្ដែងឆ្នើម ដែលបានចូលប្រឡូកក្នុងវិស័យកម្សាន្ត តាំងពីឆ្នាំ ២០០២ បានធ្លាក់ខ្លួនយ៉ាងកម្សត់ធ្វើជាសន្តិសុខ ។
ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ តារាសម្ដែងស្រីវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ឱ្យដឹងថា នាងបានធ្លាក់ខ្លួនយ៉ាងរសាត់អណ្តែត ធ្វើជាសន្តិសុខនៅសាកលវិទ្យាល័យមួយជាង ១ ឆ្នាំទៅហើយ ដោយសារតែការងារក្នុងសិល្បៈរបស់នាងបានផ្អាកជាបណ្ដោះអាសន្ន ហើយនាងមិនអាចពឹងផ្អែកលើអាជីពសិល្បៈបានទាំងស្រុងនោះទេ។
រយៈពេល ១៦ ឆ្នាំមកហើយ ដែលតារាស្រីរូបនេះបានឈរជើងនៅលើវិថីសិល្បៈកម្សាន្តរបស់ហុងកុង មានរឿងរ៉ាវដែលនាងបានឆ្លងកាត់ក្នុងជីវិតច្រើន អំឡុងពេលមានជំងឺកូវីដ។
បើយោងតាមបទសម្ភាសតារាស្រីរូបនេះ ចេញពី Apple Daily បានឱ្យដឹងថា Kate Yeung បានបញ្ជាក់ថា នាងបានធ្វើជាសន្តិសុខ ក្រោយអាជីពជាតារាសម្ដែងរបស់នាងជាប់គាំង សូម្បីតែមុនពេលជំងឺកូវីដបន្តរាតត្បាត នាងក៏ធ្លាប់ធ្វើជាបុគ្គលិករត់តុធ្វើការក្រៅម៉ោងផងដែរ៕