តួ «ស៊ុនអ៊ូខុង» ឆ្នាំ១៩៩៦ ត្រូវគេដៀលថាជាតារាល្បី តែគេមិនចាំឈ្មោះ
តារាសម្ដែងហុងកុង លោក Dicky Cheung បានចូលប្រឡូកក្នុងវិស័យកម្សាន្តតាំងពីឆ្នាំ ១៩៨០ ដោយបានចុះកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍ TVB ។ តារាប្រុសសម្បូរទេពកោសល្យរូបនេះ ត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈតួអង្គស្តេចស្វា អ៊ូខុង ក្នុងរឿងភាគបុរាណ «The Monkey King» កាលពីឆ្នាំ ១៩៩៦ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកហក់ឡើងខ្ពស់ចាប់ពេលនោះមក ។
ទោះជាយ៉ាងណាមិនយូរប៉ុន្មាន ក្នុងវគ្គបន្តដោយសារតែជម្លោះក្នុងកិច្ចសន្យាទើបធ្វើឱ្យ Dicky Cheung បានចេញមុនពេលចាប់ផ្តើមថតសម្ដែងរឿង ដោយប្តូរទៅជាតារាសម្ដែងប្រុស Benny Chan ដើរតួបន្តជាស្តេចស្វា ស៊ុន អ៊ូខុង ក្នុងរឿងវគ្គបន្តជំនាន់ទី ២ វិញ ហើយលោក Cheung បានទៅបន្តអាជីពសិល្បៈរបស់លោកទៀតនៅតៃវ៉ាន់ ។
ក្រោយពីបាត់មុខក្នុងសិល្បៈគ្មានដំណឹង តារាសម្ដែង Dicky Cheung បានលេចមុខមកជាថ្មីក្នុងកម្មវិធីផ្តល់បទសម្ភាសជជែកកម្សាន្តមួយ ដោយលោកបានទម្លាយពីជីវិតប្រចាំថ្ងៃយ៉ាងកម្សត់កម្រនឹងបង្ហាញជាសាធារណៈ ។
ក្នុងនោះ តារាសម្ដែងប្រុសរូបនេះ បានបង្ហើបថា លោកតែងតែធ្វើដំណើរតាមឡានក្រុង និង រថភ្លើងក្រោមដី គ្មានទាំងអ្នកការពារ និង អ្នកចាត់ការនៅក្បែរ សូម្បីតែទស្សនិកជនមួយចំនួនមើលលោកសឹងមិនស្គាល់ទៀតផង ។ ហើយមានអ្នកផ្សេងទៀត បានខ្សឹបខ្សៀវគ្នាថា លោកជាតារាល្បីប៉ុន្តែពួកគេមិនចាំឈ្មោះ រហូតនាពេលកន្លងមកនេះ លោកមិនដែលពឹងផ្អែកលើអាជីពសិល្បៈរកចំណូលមួយមុខទេ មានតែម្រាមដៃ ១០ របស់លោកប៉ុណ្ណោះ ។
ជាមួយគ្នានោះ លោកក៏បានបន្តថា ដំបូងឡើយលោកក៏មានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ដែរ ពេលដែលជួបប្រទះក្នុងស្ថានភាពបែបនេះ ប៉ុន្តែយូរទៅលោកក៏មានអារម្មណ៍ធូរស្បើយបន្តិច ។ ចំពោះរូបភាពសន្លឹកដែលបានចែកចាយពេញក្នុងបណ្ដាញសង្គមនេះ គឺជារូបភាពចាស់កាលពីឆ្នាំ ២០១៧ មើលទៅមានមនុស្សជាច្រើនហាក់ដូចជាមិនខ្វល់ខ្វាយទេ ហើយនេះគឺជាស្ថានភាពដ៏ធំមួយ ហើយក្នុងជីវិតលោកមិនធ្លាប់ជួបប្រទះ ៕
ប្រភព៖ ZINGNEWS