រួមរស់នឹង Toon អស់ ១១ ឆ្នាំ លើកទីមួយ Koy ទម្លាយអារម្មណ៍ទាំងទឹកភ្នែកបែបនេះ ក្នុងថ្ងៃពិសេស
សល់ត្រឹម ១ ខែទៀតប៉ុណ្ណោះ តារាចម្រៀងប្រុស Toon និង តារាសម្ដែងស្រី Koy បានឃើញមុខកូនសំណព្វចិត្តរបស់ខ្លួនហើយ បន្ទាប់ពី Koy ពពោះមកជាច្រើនខែ ។ ទន្ទឹមនឹងទទួលបានសមាជិកថ្មីក្នុងគ្រួសារ គេកត់សម្គាល់ឃើញគ្រួសារតារាមួយគូនេះ ហាក់កំពុងមានក្ដីសុខជាខ្លាំង ។
ជាពិសេស តារាប្រុស Toon ខណៈដែលឃើញប្រពន្ធពពោះកូនដំបូងដែលជាតំណក់ឈាមរបស់ខ្លួននោះ ហាក់មិនឃ្លាតទៅឆ្ងាយប្រពន្ធឡើយ គឺថាថែទាំមិនឱ្យខ្វះចន្លោះនោះទេ ។ ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារ តារាប្រុស Toon និង តារាស្រី Koy តែងបង្ហាញភាពផ្អែមល្ហែមឱ្យគ្នាមករហូត ។
ជាក់ស្តែង នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំ កាលពីពេលកន្លងទៅនេះ តារាស្រី Koy បានចេញមកបង្ហោះសារទម្លាយអារម្មណ៍ពិតរបស់ខ្លួនតាមរយៈគណនីអ៊ីនស្ត្រាក្រាមរបស់ខ្លួនថា «រយៈពេល ១១ ឆ្នាំហើយ ដែលអូនបានជួបបង ហើយនៅថ្ងៃនេះ បងកំពុងតែក្លាយជាឪពុកគេហើយ អរគុណចំពោះក្ដីស្រឡាញ់ ភាពស្មោះត្រង់ ដែលផ្ដល់ឱ្យរូបអូនមករហូត ។ អរគុណដែលចាប់ដៃអូនខណៈដែលជួបរឿងលំបាកៗ បងជាស្មាបង្អែកសម្រាប់ឱ្យអូនសម្រាកនៅពេលដែលអស់កម្លាំង បងជាកម្លាំងចិត្តធំបំផុតមិនថាអូនធ្វើអ្វីក៏ដោយ ។ ចាប់តាំងពីអូនមានទម្ងន់ រូបបងមើលថែបានល្អខ្លាំងណាស់ ។ ពីពេលនេះទៅ អូនជឿថាបងនឹងក្លាយជាប៉ាល្អម្នាក់សម្រាប់អូន និង កូន» ។
ជាការពិត ក្រោយពីឃើញពីភាពផ្អែមល្ហែមគ្នាខ្លាំងបែបនេះ គេក៏ឃើញមហាជនអ្នកគាំទ្រតារាស្រីប្រុសទាំងពីរនេះ ចូលទៅបញ្ចេញមតិអួតសរសើរ និង ជូនពរតារាស្រី Koy គ្រប់គ្នាដើម្បីឱ្យមានសុភាពល្អ ឆ្លងទន្លេដោយសុវត្ថិភាព និង គ្រួសារមានសុភមង្គល ៕