ទាក់ទងគ្នាអស់ ២៤ ឆ្នាំ វ័យជ្រេរៀងៗខ្លួនហើយ ទើបគូស្នេហ៍តារាហុងកុងនេះ សម្រេចសាងអនាគតរួមគ្នា
រឿងរ៉ាវស្នេហារបស់តារាសម្ដែងស្រីហុងកុង Lousia So និង លោក Poon Chan Leung ដើមឡើយអ្នកទាំងពីរបានជួបគ្នានៅឯសាលាសិល្បៈសម្ដែង ក្នុងឆ្នាំ ១៩៨៨ ចាប់ពីពេលនោះមក អ្នកទាំងពីរបានក្លាយជាមិត្តនឹងគ្នា ហើយបានឆ្លងកាត់ទុក្ខលំបាករួមគ្នារហូតដល់ឈានជើងចូលប្រឡូកក្នុងការងារសិល្បៈ ប៉ុន្តែអ្នកទាំងពីរទើបតែទាក់ទងគ្នាជាគូស្នេហ៍ ក្នុងឆ្នាំ ១៩៩៦ ។
មិនមែនជារឿងងាយទេ មុនពេលណាត់ជួបគ្នាដំបូង តារាប្រុសវ័យ ៥៤ ឆ្នាំ រូបនេះលោកគឺជាអ្នកសុំណាត់ជួប Lousia So ជាច្រើនដង ប៉ុន្តែត្រូវតារាស្រីវ័យ ៥៣ ឆ្នាំរូបនេះ បដិសេធ ព្រោះមិនចង់បង្ហាញជាសាធារណៈ។ រហូតដល់ឆ្នាំ ២០១៣ តារាប្រុសស្រីទាំងពីរត្រូវបានគេប្រទះឃើញបានទៅវិស្សមកាលជាមួយគ្នា នៅប្រទេសជប៉ុន។
យ៉ាងណាមិញ ចូលមកដល់ឆ្នាំ ២០២០ គូស្នេហ៍តារាសម្ដែងជើងចាស់ល្បីឈ្មោះមួយនេះ បានសម្រេចភ្ជាប់ពាក្យជាមុនសិន ដោយសារតែជំងឺកូវីដ-១៩ នៅបន្តរីករាលដាល ធ្វើឱ្យអ្នកទាំងពីរបានពន្យារពេលចុះសំបុត្រអាពាហ៍ពិពាហ៍ និង មិនអាចរៀបចំពិធីមង្គលការបានក្នុងស្ថានភាពបែបនេះ ៕
ប្រភព៖ TODAYONLINE