សើចគាំង! ប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំ យក់ ឋិតរដ្ឋា និង ឃុំ បុណ្ណាដែត នៅអៀនគ្នាខ្លាំងពេលថតរឿងនេះ (វីដេអូ)
បើគិតមកដល់ឆ្នាំ ២០២១ នេះ រយៈពេលជិត ១៥ ឆ្នាំមកហើយ ដែលតារាចម្រៀងស្រី យក់ ឋិតរដ្ឋា និង អតីតមិត្តរួមក្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានបញ្ចប់ភាពនៅលីវ និង រៀបការជាមួយគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលតាំងពីខែឧសភា ឆ្នាំ ២០០៦ មក ។ មកទល់ពេលនេះ តារាចម្រៀងប្រុសស្រីមួយគូនេះ ក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ហើយដែរ ។
ម្យ៉ាងវិញទៀត ក្រោយស្ងាត់បាត់ឈឹងពីសិល្បៈមួយរយៈធំ ដែលគេសង្កេតឃើញថា តារាប្រុសស្រីដែលជាប្ដីប្រពន្ធមួយគូនេះ សំងំសាងគ្រួសារ មើលថែកូនៗ និងបង្កើតមុខជំនួញក្នុងដៃជាច្រើននោះ ប៉ុន្តែមួយរយៈនេះ ឃើញថា អ្នកនាង យក់ ឋិតរដ្ឋា ហាក់ឈានជើងចូលបន្តិចម្ដងៗក្នុងវិស័យសិល្បៈវិញហើយ ដែលបានចេញបទចម្រៀងថ្មីៗផងដែរ ។
ដោយឡែកថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះសំណើចគ្រប់គ្នា បន្ទាប់ពីឃើញវីដេអូខ្លីមួយ ជាវីដេអូឈុតក្រៅឆាកមួយរបស់អ្នកទាំងពីរ ដែលកំពុងតែថតរឿងកុនខ្មែរមួយ គឺរឿង «ចិញ្ចៀនខ្មោច» ខណៈនោះ បើទោះបីជាអ្នកទាំងពីរជាប្ដីប្រពន្ធរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ប៉ុន្តែពេលដែលថតឈុតផ្អែមល្ហែមក្នុងរឿងនេះ អ្នកទាំងពីរអៀនគ្នាខ្លាំង ជាពិសេស អ្នកនាង យក់ ឋិតរដ្ឋា ទប់អារម្មណ៍សើចមិនបាន ដែលថតសារចុះសារឡើងជិត ១០ ដងហើយនៅតែមិនត្រូវ ។
ខណៈពេលថតឈុតនេះដែរ មិនត្រឹមតែប្ដីប្រពន្ធមួយនេះទេ ដែលអៀន និងទប់អារម្មណ៍សើចមិនបាន រីឯក្រុមការងារវិញ ទាំងអ្នកថតទាំងនាយពាក់មី ដែលជាតួម្នាក់ទៀត ក៏ទប់មិនជាប់សើចផ្អើលពេញទាំងកន្លែងថតនេះតែម្ដង ៕
សូមទស្សនាវីដេអូខាងក្រោម៖