Janine Chang ធ្លាប់ត្រូវគេទាញទម្លាក់ក្នុងបញ្ជីខ្មៅវិស័យកម្សាន្តចិន ព្រោះរឿងអតីតកាលមួយ
មួយរយៈកន្លងមកនេះ ក្នុងវិស័យឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន ស្ថាប័នត្រួតពិនិត្យកំពុងតែមានការផ្លាស់ប្តូររឹតត្បិត លុបចោលតារាល្បីៗជាបន្តបន្ទាប់ ដែលពួកគេគិតថា មិនមែនជាគំរូល្អសម្រាប់សង្គមជាតិ ឬ បង្ហាញពីទង្វើដែលអាជ្ញាធរមិនគាំទ្រ ជាដើម។ រហូតមកដល់ពេលនេះ តារាសម្ដែងស្រីតៃវ៉ាន់ Janine Chang ត្រូវគេរាយការណ៍ថា នាងកំពុងជាប់ក្នុងបញ្ជីខ្មៅ នៅប្រទេសចិន ដោយសារតែសង្ស័យថានាងជាអ្នកទាមទារឯករាជ្យគាំទ្រតៃវ៉ាន់។
ជាមួយភស្តុតាងដែលតារាស្រីរូបនេះបានសរសេរក្នុងក្រដាសនិក្ខេបបទរបស់នាង ក្នុងឆ្នាំ ២០១០ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតជីកកាយ ហើយគេបានលើកឡើងចំពោះបញ្ហានេះ ដោយសារការកើនឡើងនូវជាតិនិយមនាពេលថ្មីៗនេះ។ បើយោងតាមរយៈការបទសម្ភាសមួយរបស់តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ បានចែករំលែកទៅជាមួយអ្នកដឹកនាំរឿងតៃវ៉ាន់ថា នាងចង់ស្នាក់នៅតៃវ៉ាន់ដើម្បីថតកុន ហើយសង្ឃឹមថានាងនឹងមានឱកាសច្រើនក្នុងការធ្វើការនេះ។
ជាហេតុដែលអ្នកនិយមលេងអ៊ីនធឺណេតយល់ថា នេះមានន័យថា Janine គាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ហើយមិនចាត់ទុកខ្លួនឯងថាជាជនជាតិចិនឡើយ បើទោះបីជាតារាសម្តែងស្រីរូបនេះបង្កើតប្រាក់ចំណូលភាគច្រើនពីទីផ្សារចិនក៏ដោយ។
ចាប់តាំងពីមានរឿងចម្រូងចម្រាសបានលេចចេញមក ឈ្មោះរបស់តារាស្រីរូបនេះ ក៏បាត់ពីបញ្ជីតួអង្គសម្ដែងក្នុងរឿង «The Psychologist» ដោយរឿងភាគចិនមួយនេះ គ្រោងនឹងចាក់ផ្សាយនៅខែតុលា ឬ ខែវិច្ឆិកា ប៉ុន្តែទំនងត្រូវពន្យារពេល ដោយសារតែកំពុងមានការរអាក់រអួល កាត់បន្ថយការផ្សព្វផ្សាយអវិជ្ជមាន។
ក្រោយមកធ្លាយដំណឹងពីអ្នកនិយមលេងអ៊ីនធឺណេតម្នាក់ បានលាតត្រដាងថា អាជ្ញាធរចិនបានបញ្ជាឱ្យលុបចោលភាគទាំង ៦ ក្នុងរឿង «The Psychologist» ដែលមាន Janine បានថតសម្ដែង ដូចគ្នានោះផងដែរ រាល់គណនីបណ្ដាញសង្គមទំនាក់ទំនងផ្លូវការរបស់រឿងនេះ ត្រូវលុបការផ្សាយដែលទាក់ទងនឹងនាងចេញទាំងអស់។
ជុំវិញរឿងទាំងនេះ ទីភ្នាក់ងាររបស់នាងក៏បានចេញសេចក្តីការណ៍ផ្លូវការមួយថា៖ «Janine Chang មិនមែនជាអ្នកតស៊ូទាមទារ ដើម្បីឯករាជ្យតៃវ៉ាន់ទេ។ នាងតែងតែជឿជាក់យ៉ាងមុតមាំថា នាងគឺជាជនជាតិចិន ហើយនឹងមិនអនុញ្ញាតឱ្យមនុស្សណាម្នាក់ទាញយកផលប្រយោជន៍ពីនាង បង្កើតជម្លោះឡើយ!»។
ទោះបីជាមានការពន្យល់រៀបរាប់យ៉ាងណាក៏ដោយ អ្នកលេងអ៊ិនធឺណិតចិនមិនជឿជាក់ទេ ហើយការប៉ះពាល់លើអាជីពរបស់នាង អាចត្រូវបានធ្វើអនុវត្តច្បាប់រួចទៅហើយ៕
ប្រភព៖ JEYNESTARS