ជាកំពូលតារាសម្ដែងរាប់ទសវត្សរ៍ តែ Poh មិនតម្កើងឫក ហើយស្កប់ស្កល់នឹងជីវិតខ្លួនបែបនេះ
មហាជនសុទ្ធតែបានស្គាល់រួចមកតារាសម្ដែងប្រុសជួរមុខលោក Poh Natthawut ជាកំពូលតារាសម្ដែងល្បីម្នាក់ ដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជនមិនថាក្នុង និង ក្រៅប្រទេសនោះទេ។ បើងាកទៅមើលជីវិតឯកជនរបស់តារាសម្ដែងប្រុសជួរមុខនេះវិញ ពិតជាមានសេចក្ដីសុខសុភមង្គលខ្លាំងណាស់ ដោយរឿយៗតារារូបនេះតែងបង្ហោះរូបភាពផ្អែមល្អែមជាគ្រួសារមករហូត ពុំសូវជាដាច់ឡើយលើបណ្ដាញសង្គម។
អាចនិយាយបានថា Poh Natthawut គឺជាតារាសម្ដែងជើងចាស់វស្សាដ៏ល្បីមួយរូបនៅក្នុងសង្គមសិល្បៈថៃ ដោយខ្សែភាពយន្តជាច្រើនដែលលោកសម្ដែង ភាគច្រើនសុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលពីទស្សនិកជន ព្រោះតែភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់លោក បូករួមទាំងចរិតឫកពារថ្លៃថ្នូរ ភាពស្រស់សង្ហាមិនចាញ់សិល្បករស្រករក្រោយ។
ទន្ទឹមនឹងជាតារាជួរមុខក្នុងប្រទេសហើយ តារាប្រុស Poh តែងត្រូវបានមហាជនអ្នកគាំទ្រអួតសរសើរមិនដាច់ពីមាត់ផងដែរ ពីអត្តចរិតឫកពារ ដោយហេតុថាទោះបីជាកំពូលតារា តែលោកហាក់មិនតម្កើងខ្លួនជាអ្នកល្បីអ្វីឡើយ។ ជាមួយគ្នានោះ តារាប្រុសរូបនេះ ក៏ធ្លាប់ទម្លាយពីជិវិតរបស់ខ្លួនផងដែរថា ៖ «លោកពុំដែលចង់បានអ្វីទៀតនោះឡើយនៅពេលនេះ សុំឱ្យតែជីវិតរស់នៅមានសុខភមង្គលវា គ្រប់គ្រាន់ហើយសម្រាប់លោកហើយ»។
លើសពីនោះ តារាប្រុស Poh ក៏បានបន្តថា ៖ «លោកបានជោគជ័យរួចមកហើយ លោកលែងខ្វល់ពីការបានសម្ដែងជាតួឯកអ្វីទៀតនោះទេ ហើយលោកក៏ពុំដែលគិតថាត្រូវការពានរង្វាន់អ្វីដែរសំខាន់ឱ្យតែមហាជនស្រឡាញ់គាំទ្រទៅបានហើយ។ ជីវិតគឺបែបនេះ មានឡើងមានចុះជារឿងធម្មតា ថ្ងៃនេះលោកអាចជាតួឯក តែថ្ងៃក្រោយមានតារាជំនាន់ក្រោយស្អាតសង្ហា មានសមត្ថភាព ជាងលោក ច្បាស់ជាគេត្រូវជំនួសលោកហើយ វាគ្មានអ្វីដែលស្ថិតស្ថេរនោះរហូតទេ»៕