មិនស្មានសោះថា ព្រោះតែជួបបញ្ហាមួយនេះ Aff ធ្លាប់ត្រូវគេណែនាំទៅពេទ្យផ្លូវចិត្ត
Aff Taksaorn ជាកំពូលតារាស្រីក្នុងដួងចិត្តរបស់មហាជនភាគច្រើន មិនថាប្រិយមិត្តក្នុង និង ក្រៅស្រុកនោះទេ តែងតែអួតសរសើរមិនដាច់ពីមាត់ឡើយចំពោះនាង។ ឈានជើងចូលវិស័យសិល្បៈរាប់ឆ្នាំ តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកទស្សនាស្រឡាញ់ចូលចិត្ត ជាពិសេសអត្តចរិតឫកពារថ្លៃថ្នូរនេះតែម្ដង។
បច្ចុប្បន្នតារាស្រី Aff ជាប់ឈ្មោះជាស្ត្រីមេម៉ាយមើលថែកូនតែម្នាក់ឯង បន្ទាប់ពីបែកបាក់គ្រួសារជាមួយនឹងអតីតស្វាមីហាយសូរនាយ Songkarn។ មានឈ្មោះជាស្រីមេម៉ាយ Aff នៅតែជាស្ត្រីដ៏រឹងមាំម្នាក់ ទោះបីនាងជាត្រូវទទួលអម្រែកមើលថែកូនតែម្នាក់ឯងក៏ដោយ។
យ៉ាងណាមិញ ថ្មីៗនេះ មានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Aff បន្ទាប់ពីនាងបានចូលធ្វើបទសម្ភាសក្នុងកម្មវិធីមួយ ហើយទម្លាយអារម្មណ៍ពិតរបស់ខ្លួន។ មហាជនដឹងស្រាប់ហើយថា Aff ជាកំពូលតារាស្រីអាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ ជាពិសេសតួកម្សត់គឺសមចំពោះនាងបំផុត ហើយអ្នកគាំទ្រក៏លាន់មាត់សរសើរដែរ ក៏ប៉ុន្តែមានពេលមួយតារាស្រីរូបនេះ បែរជាមិនអាចបញ្ចេញទឹកភ្នែកបានក្រោយថតឈុតកម្សត់ រហូតធ្វើឱ្យនាងកើតអារម្មណ៍ធុញថប់ខ្លាំង ដល់ថា្នក់មានគេណែនាំឱ្យទៅរកគ្រូបង្រៀនសម្ដែង និង ពេទ្យចិត្តសាស្រ្ត។
តាមការបង្ហាញរបស់ Aff បាននិយាយថា ៖ «មានថ្ងៃមួយនាងត្រូវចូលថត ហើយត្រូវនឹងឆាកយំ តែនាងបែរជាយំមិនចេញទៅវិញ ដល់ថ្នាក់អ្នកដឹកនាំរឿងហៅនាងទៅនិយាយ ពេលនោះនាងក៏ឆ្ងល់ខ្លួនឯងដែរថាមានរឿងអ្វីកើតឡើងចំពោះនាង ព្រោះពីដើមនាងពុំដែលអ៊ីចឹងឡើយ។ បន្ទាប់មក នាងក៏បានប្រឹក្សាជាមួយអ្នកចាត់ការផ្ទាល់ខ្លួននាង ហើយគាត់ក៏បានឱ្យនាងទៅរកគ្រូបង្រៀនសម្ដែង និង ពេទ្យចិត្តសាស្ត្រក្រែងមានបញ្ហាផ្លូវចិត្ត។ រឿងនេះធ្វើឱ្យនាងខ្លាចខ្លួនឯង និង កើតអារម្មណ៍ធុញថប់ណាស់ តែក្រោយនាងអាចជម្នះវាបាន»៕
ប្រភព៖ Khaosod