BamBam និង ម្តាយ ចេញមកនិយាយបែបនេះផាំងៗ ក្រោយផ្ទុះរឿងត្រូវពិធីករតិះដៀល
ថ្មីៗនេះ មានរឿងរ៉ាវចម្រូងចម្រាស់ក្នុងសង្គមតារាថៃបានកើតឡើងយ៉ាងក្តៅគគុក បន្ទាប់ពីមានពិធីករល្បីមួយរូបគឺ លោក Moddam Kachapa បានលើកឡើងនៅក្នុងកម្មវីធីមួយ ដោយលើកឡើងពីការប្រៀបធៀបក្នុងលក្ខណៈដៀមដាម មិនគប្បីរវាងតារា KPOP សញ្ជាតិថៃជាច្រើនរូប ជាពិសេសគឺ BamBam ទៅនឹងតារាស្រី Lisa ដែលកំពុងល្បីឈ្មោះបោះសំឡេងខ្លាំង ក្រោយចេញបទចម្រៀងទោល។
រឿងរ៉ាវបញ្ហានេះ បានកំពុងបញ្ឆេះកំហឹងខឹងសម្បា ក្នុងអារម្មណ៍មហាជន ព្រមទាំងអ្នកគាំទ្រជាច្រើនយ៉ាងឆាបឆួលមិនតិចឡើយ ដោយពួកគេមិននឹកស្មានថា បុគ្គលជាពិធីករលំដាប់ប្រទេស បែរជាហ៊ានប្រើពាក្យសម្តីមិនចេះគិត ថែមទាំងតិះដៀលប្រៀបធៀបជាន់ពន្លិចទៅអ្នកដទៃ ជាពិសេសនោះគឺ ជាតារារួមជាតិខ្លួនឯងយ៉ាងនេះសោះ។
ក្នុងនោះ អ្នកគាំទ្រជាច្រើនក៏បានកើតក្តីបារម្ភចំពោះកំលោះ BamBam ផងដែរ ព្រោះខ្លាចលោកមានការអាក់អន់ស្រពន់ចិត្តណាមួយ។ ពួកគេបានព្យាយាមបង្ហោះសារជាច្រើន ក្នុងន័យលួងលោមលើកទឹកចិត្តដល់តារាប្រុសរូបនេះមិនដាច់ឡើយ តាំងពីមានការផ្ទុះរឿងរ៉ាវមក។
យ៉ាងណាមិញ BamBam ក៏មិនស្ងាត់ឈឹងនោះដែរជុំវិញបញ្ហានេះ ក្រោយពីបានឃើញមហាជនជាច្រើនបញ្ចេញការព្រួយបារម្ភបែបនេះ។ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាប្រុសរូបនេះ បានចេញមុខមកបង្ហោះសារខ្លីនៅក្នុងបណ្តាញ Twitter បញ្ជាក់អារម្មណ៍ពិតតែម្តង។
លោកបានលើកឡើងឱ្យដឹងថា៖ «មិនអីទេណាបាទ ជួនកាលមនុស្សជាច្រើន នៅមិនទាន់ឃើញ មិនទាន់ទទួលស្គាល់ពីការព្យាយាមរបស់ខ្ញុំ តែក៏នៅមានអ្នកមួយចំនួនបានទទួលស្គាល់ ក៏ដូចជាចាំយល់ពីខ្ញុំរួចហើយ តែប៉ុណ្ណេះខ្ញុំក៏មានសេចក្តីសុខណាស់ទៅហើយ»។
លើសពីនេះទៅទៀត ម្តាយរបស់លោកផ្ទាល់ក៏កើតមានការខកចិត្ត មិនតិចនោះទេ រហូតដល់បងប្រុសបង្កើតរបស់តារាចម្រៀងរូបនេះ បង្ហើបថា លោកស្រីបានយំ ពេលដឹងថាមានអ្នកដៀមដាមថាឱ្យកូនរបស់លោកស្រីបែបនេះ។ ក្នុងនោះ ម្ដាយរបស់ Bam Bam ក៏បានផុសរូបមួយសន្លឹកជាមួយកូនប្រុសនៅក្នុង IG ដោយសរសេរថា៖ «ការពិតក៏ទទួលបានណា តែណ្ហើយ នេះគឺជាបេះដូង និង អារម្មណ៍របស់ស្រ្តីជាម្តាយនេះឯង» ។
យ៉ាងណាមិញ ខាងពិធីករថៃដែលបានប្រើពាក្យមិនសមរម្យរូបនោះ ក៏បានចេញមុខមកសុំទោសរួចរាល់ហើយ តែមើលទៅមហាជនទំនងជាមិនងាយអត់ឱនឱ្យបាននោះទេ ព្រោះកំហុសលើកនេះ ហាក់កប់ក្នុងអារម្មណ៍របស់ពួកគេយ៉ាងខ្លាំង មិនងាយរលុបឡើយ៕