ភរិយាតួអ្នកក្លាហានខ្វាក់ លែងចង់ផ្សះផ្សាចំណងស្នេហ៍ទៀត ព្រោះរឿងនេះ
មួយរយៈចុងក្រោយនេះ ទាក់ទងនឹងចំណងអាពាហ៍ពិពាហ៍របស់តារាសម្ដែងហុងកុង លោក Vincent Wong ដែលភាគច្រើនគេស្គាល់ថាជាតួអង្គអ្នកក្លាហានខ្វាក់ និង អ្នកនាង Yoyo Chen តែងតែក្លាយជាប្រធានក្តៅគគុកមួយ។
ចាប់តាំងពីតារាសម្ដែងទាំងពីរ បានសម្រេចរៀបការដឹកដៃគ្នាសាងគ្រួសារ កាលពីឆ្នាំ ២០១១ ព្រមទាំងមានកូនស្រីម្នាក់អាយុ ៩ ឆ្នាំជាចំណងដៃ គិតរហូតមកដល់សព្វថ្ងៃចំណងស្នេហ៍របស់អ្នកទាំងពីរបានរយៈពេល ១០ ឆ្នាំមកហើយ។
ថ្វីដ្បិតថាចំណងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធតារា TVB មួយគូនេះ បានសាងឡើងរួមគ្នាអស់ច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែពួកគេក៏មានរឿងរកាំរកូស និង មានបញ្ហាច្រើនជាមួយគ្នាផងដែរ នាពេលកន្លងទៅ។ ក្រោយពីស្វាមីរបស់នាង លោក Vincent មានពាក្យចចាមអារ៉ាមស្នេហាទាក់ទងនឹងតារាស្រី Jacqueline Wong , Kaman Kong និង Sisley Choi ដោយអ្នកនាង Yoyo មិនអាចអត់ទ្រាំទៀត ហើយលេចឮថាពួកគេអាចកំពុងឈានដល់ការលែងលះគ្នា។
នេះបើតាមបទសម្ភាសក្នុងពិព័រណ៍អក្សរផ្ចង់ ជាមួយអ្នកសារព័ត៌មានចេញពីសម្តីលោកគ្រូអ្នកនាង Yoyo ថា៖ «ខ្ញុំបានសួរ Yoyo ថាតើនាងមានគម្រោងផ្សះផ្សាជាមួយ Vincent ដែរទេ ហើយនាងមិនព្រមទេ។ ជាធម្មតានាងមិនឆ្លើយតបពីរឿងឯកជនផ្ទាល់ខ្លួនទេ។ នាងមិនចង់ផ្សះផ្សាទេ»។
ភ្លាមៗនោះ Yoyo បានបកស្រាយយ៉ាងលឿនដោយលើកឡើងយ៉ាងដូច្នេះថា ៖ «លោកគ្រូតែងតែនិយាយលេងសើច-គាត់កំប្លែងណាស់។ គាត់តែងតែនិយាយគំនិតរបស់គាត់ ប៉ុន្តែប្រហែលមិនពិតនោះទេ។ ខ្ញុំដឹងថាអ្នករាល់គ្នាមានការខ្វល់ខ្វាយខ្លាំង ចំពោះបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹមថាក៏មានផ្តោតនៅលើអាជីពរបស់ខ្ញុំដែរ។ ខ្ញុំនឹងមិនធ្វើការអធិប្បាយច្រើនអំពីបញ្ហាផ្ទាល់ខ្លួននោះទេ»។
អំឡុងពេលនោះ លោក Li Ju Ming ហាក់ដូចជាដឹងថាគាត់បាននិយាយច្រើនពេកក្នុងរឿងនេះ ទើបបានជាប្តូរប្រធានទៅនិយាយពីការព្យាករណ៍ពីភាពជោគជ័យ នាពេលអនាគតរបស់នាង អាចមានឱកាសឈ្នះពានរង្វាន់តារាសម្ដែងឆ្នើម ព្រោះថានាងក៏ជាតារាសម្ដែងប្រជាប្រិយភាពមួយរូបផងដែរនៅហុងកុង៕
ប្រភព៖ JEYNSTAR