ចោលជីវិតជាតារាយូរឆ្នាំ ហេង ប៊ុនលាភ លាន់មាត់ត្អូញ ខំប្រឹងរកយូរទៅ ក្រទៅៗ
ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា មួយរយៈចុងធំចុងក្រោយនេះ តារាសម្ដែងរូបសង្ហាធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនលោក ហេង ប៊ុនលាភ ហាក់កាន់តែស្ងប់ស្ងាត់ផ្ដាច់ខ្លួនកាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយលោកធ្លាប់អះអាងថា ចូលចិត្តប្រើជីវិតបែបសាមញ្ញនៅលើវាលស្រែវាលចម្ការមានក្ដីសុខជាង។
ការផ្លាស់ប្ដូរជីវិតរបស់តារាចម្រៀងជើងចាស់ ហេង ប៊ុនលាភ ពីការសោយសុខនូវភាពសប្បាយហ៊ឺហារ ស្លៀកពាក់ស្អាតៗ ពេលទៅណាមកណាម្ដងៗមានតែក្រសែភ្នែកស្រីៗតាមសម្លឹងមើលភាពស្រស់សង្ហារបស់លោក មកធ្វើជាអ្នកចម្ការយ៉ាងសាមញ្ញដូច្នេះ បានធ្វើឱ្យទស្សនិកជនដែលតែងតែគាំទ្រលោកកន្លងមក មានការងឿងឆ្ងល់មិនតិចនោះទេ។
យ៉ាងណាមិញ នេះមិនបញ្ជាក់ថា ហេង ប៊ុនលាភ បានផ្ដាច់ទំនាក់ទំនងពីអ្នកគាំទ្ររបស់ខ្លួនទាំងស្រុងដែរ ដោយជារឿយៗ លោកតែងតែបង្ហោះរូបថតថ្មីៗបង្ហាញពីសកម្មភាពប្រចាំថ្ងៃឱ្យមិត្តភក្ដិតាមរយៈបណ្ដាញសង្គមឃើញជានិច្ច។
ទន្ទឹមនឹងការបង្ហោះរូបថតថ្មីៗរបស់លោក ហេង ប៊ុនលាភ នេះដែរ ថ្មីៗនេះតារាសម្ដែងប្រុសខាងលើបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ ក្រោយឃើញលោកបង្ហោះរូបថតមួយសន្លឹក បង្ហាញឱ្យឃើញពីសម្បុរស្បែករបស់លោកឡើងពណ៌ខ្មៅស្រអាប់ ចំណែកផ្ទៃមុខក៏មានសភាពប្រែជាជាំខ្មៅ លែងសូវស្រស់សង្ហាដូចកាលពីមុនទៀតហើយ ព្រមទាំងសរសេរយ៉ាងខ្លីថា ៖ «ខំប្រឹងរកយូរទៅ ក្រទៅៗម៉េចទេ»៕