មុនក្លាយជាកំពូលតារាចម្រៀង Lady Gaga ធ្លាប់រត់ត្រាក់ៗហូរញើសសស្រាក់ ធ្វើការងារមួយនេះ
មុននឹងឈានជើងប្រឡូកក្នុងសិល្បៈ រហូតក្លាយជាកំពូលតារាចម្រៀងប៉ុបជាទីចាប់អារម្មណ៍របស់មហាជន ស្រីស្រស់ Lady Gaga ក៏ជាតារាម្នាក់ដែលធ្លាប់ឆ្លងកាត់ជីវិតយ៉ាងសាមញ្ញរួចមកហើយដែរ។
នៅក្នុងបទសម្ភាសមួយ តារាស្រី Gaga បានឱ្យដឹងថា ការងារទីមួយដែលនាងធ្វើដំបូងនោះ គឺជាអ្នករត់តុប្រចាំហាងអាហារមួយកន្លែងនាតំបន់ Manhattan ទីក្រុង New York ។ នៅពេលនោះ នាងកំពុងតែនៅសិក្សាថ្នាក់សកលវិទ្យាល័យសិល្បៈនៅឡើយទេ ប៉ុន្តែតារាសិចស៊ីរូបនេះ មានការមានះចង់ភ្លក់ជីវិតអ្នកធ្វើការ ក៏ដូចជាចង់មានប្រាក់កាក់សម្រាប់ចាយវាយខ្លួនឯងផ្ទាល់ បើទោះបីជាឪពុកម្តាយនាងផ្គត់ផ្គង់ទំនុកបម្រុងមិនឱ្យខ្វះខាតយ៉ាងណាក្តី។
លើសពីនេះទៅទៀត នៅពេលធ្វើការនោះ នាងត្រូវបានគេដឹងថាជាមនុស្សឧស្សាហ៍ព្យាយាម ព្រមទាំងរួសរាយស្រស់ស្រាយខ្លាំងណាស់ចំពោះអតិថិជនដែលចេញចូល រហូតតែងធ្វើឱ្យនាងទទួលបានលុយធីបចូលកាបូបក្រាស់ៗជានិច្ច ជាហេតុធ្វើឱ្យស្រីស្រស់រូបនេះ សប្បាយពេញចិត្តនឹងការងារមួយនេះខ្លាំងណាស់ បើទោះជាមានភាពនឿយហត់បន្តិចក៏ដោយ។
យ៉ាងណាមិញ ក្រោយមកមិនយូរប៉ុន្មាន ហេតុតែមានដុងខាងសិល្បៈពីកំណើត នាងក៏បានសម្រេចចិត្តបញ្ឈប់ការសិក្សានៅសកលវិទ្យាល័យ រួចក៏ត្រឡប់ទៅដាក់ចិត្តដាក់កាយប្រឡូកការងារសិល្បៈយ៉ាងពេញទំហឹងវិញតែម្តង រួចព្យាយាមហាត់ពត់សមត្ថភាពជាបន្តបន្ទាប់ រហូតមានវាសនាអាចសាងប្រជាប្រិយភាពលំដាប់ពិភពលោករហូតដល់សព្វថ្ងៃនេះឯង៕