ក្រខ្លាំងដល់ថ្នាក់សល់លុយត្រឹម ៧ ដុល្លារក្នុងខ្លួនតែ The Rock ប្រឹងរហូតសល់លុយចាយ ១០ជាតិមិនអស់
តារាសម្ដែងហូលីវូដដ៏ល្បី Dwayne Johnson ហៅ The Rock គឺជាតារាមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង និងទទួលបានការស្ញប់ស្ញែងលើទេពកោសល្យសមត្ថភាពសម្ដែងរបស់លោក។
ទោះជាយ៉ាងណា ខ្សែជីវិតតារាសម្ដែងប្រុសលំដាប់កំពូលមួយនេះ មិនមែនកើតមករស់ក្នុងភាពសុខស្រួលតែម្ដងនោះឡើយ ដោយជីវិតលោកគឺធ្លាប់ជួបប្រទះភាពក្រលំបាក ទម្រាំបានសោយសុខកម្លាំងញើសឈាមដល់សព្វថ្ងៃនេះ។
ជាក់ស្ដែង បើតាមការបង្ហោះវីដេអូមួយរបស់លោកលើគេហទំព័រផ្ទាល់ខ្លួន តារាប្រុសមាឌឌាំងរូបនេះបាននិយាយថា ៖ «មិនខុសពីអ្នកទាំងអស់គ្នាទេ ខ្ញុំក៏មានការមមាញឹកខ្លាំងជាមួយវដ្ដជីវិតផងដែរ។ ខ្ញុំមានកូនៗ មានវិក្កយបត្រត្រូវចំណាយ ត្រូវធ្វើការ និងគិតគូរលើរឿងជាច្រើនផ្សេងទៀត ដែលពេលខ្លះក៏ធ្វើឱ្យខ្ញុំមានការនឿយហត់ណាស់ដែរ»។
The Rock បានបន្តទៀតថា ៖ «រាល់ពេលដែលខ្ញុំមានអារម្មណ៍ថាហត់ ខ្ញុំតែងតែរំឭកខ្លួនឯងកាលពីនៅក្រ ដែលមានលុយត្រឹម ៧ ដុល្លារក្នុងដៃ។ ក្រោយនឹកឃើញរឿងរ៉ាវទាំងនោះហើយ ទើបធ្វើឱ្យខ្ញុំដាស់ស្មារតីខ្លួនឯង ឱ្យបន្តហ្វឹកហាត់ និងប្រឹងប្រែងធ្វើការបន្តទៀត»។
គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតរបស់លោក គឺពិតជាបានហុចផលមែន គិតត្រឹម ២០២១នេះ The Rock មានទ្រព្យសម្បត្តិសរុបរហូតដល់ ៤០០ លានដុល្លារ៕
ប្រភព៖ Zing News