តួកុនប្រុសជំនាន់ ៨០-៩០ ទាំង ៤ រូបនេះ មានវាសនាទៅរស់នៅបរទេស សាងគ្រួសារយ៉ាងមានក្ដីសុខ
មហាជនអ្នកគាំទ្រ ជាពិសេសអ្នកដែលធ្លាប់បានទស្សនាភាពយន្តខ្មែរល្បីៗកាលពីទសវត្សរ៍ទី ៨០-៩០ ប្រហែលបានស្គាល់ និង បានជ្រាបហើយពីតួកុនប្រុសស្រីខ្មែរកាលជំនាន់នោះ ដែលមានអ្នកខ្លះក៏នៅបន្តអាជីពសិល្បៈមកសព្វថ្ងៃ រីឯអ្នកខ្លះទៀតបានចាកឆ្ងាយពីជីវិតសិល្បៈ ដែលបានទៅសាងជីវិតគ្រួសាររៀងៗខ្លួន ព្រមទាំងក៏មានតារាប្រុសស្រីមួយចំនួន មានវាសនាទៅសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលនៅឯក្រៅប្រទេសផងដែរ។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តមកដឹងពី តួកុនប្រុសជំនាន់ ៨០-៩០ ចំនួន ៤ រូប ដែលឃ្លាតឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំ ទៅសំងំសាងគ្រួសារនៅឯទឹកដីបរទេស។ តោះចង់ដឹងថា តួកុនប្រុស ទាំង ៤ រូបនេះ មាននរណាខ្លះនោះ! សូមតាមដានទាំងអស់គ្នា ៖
១. ខៃ ប្រសិទ្ធ
អតីតតារាភាពយន្តទសវត្សរ៍ទី ៩០ លោក ខៃ ប្រសិទ្ធ គឺជាតួអង្គប្រុសមួយរូបដ៏ល្បីល្បាញ មានទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ ដែលជាដៃគូដ៏ស័ក្តិសមជាមួយតួឯកស្រី អម្ពរ ទេវី ចាន់ តារាទី សុខ ស្រីមុំ និង ភរិយារបស់លោកគឺ ពិសិដ្ឋ ពិលីកា ជាដើម។ បន្ទាប់ពីបានដើរចេញពីវិស័យសិល្បៈ លោក ខៃ ប្រសិទ្ធ ក៏បានសម្រេចចិត្តចាកចេញពីប្រទេសកំណើតទៅផ្ញើព្រេងវាសនារស់នៅទឹកដីប្រទេសអូស្ត្រាលី និង បានរស់នៅក្នុងជីវភាពថ្មីសន្លាងមួយនៅទីនោះ។ ច្រើនឆ្នាំកន្លងមកនេះ ខៃ ប្រសិទ្ធ បានចាយជីវិតលើទឹកដីអូស្ត្រាលីយ៉ាងមានសុភមង្គល ព្រមទាំងបានលេចឮថា លោកកំពុងតែកាន់កាប់មុខជំនួញយ៉ាងធំមួយនៅក្នុងដៃថែមទៀត គឺមុខជំនួញអចលនទ្រព្យ។
២. យស បូវណ្ណៈ
មិនខុសពីលោក ខៃ ប្រសិទ្ធ និង តារាសម្តែងប្រុសល្បីៗមួយចំនួនទៀតកាលពីជំនាន់ឆ្នាំ ៨០-៩០ នោះទេ លោក យស បូវណ្ណៈ ក៏ជាតារាសម្តែងប្រុសឆ្នើម និង ល្បីល្បាញផងដែរ ដោយដៃគូសម្តែងដ៏ស័ក្តិសមរបស់លោកមានដូចជា អ្នកនាង អម្ពរ ទេវី អ៊ុំ សុវណ្ណនី ចាន់ តារាទី កែវ កល្យាណ សុខ ស្រីមុំ និង តារាល្បីជាច្រើនរូបទៀត ជាដើម។ ប្រមាណជិត ២០ ឆ្នាំមកហើយ ដែលតារាសម្តែងប្រុស យស បូវណ្ណៈ បានចាកចេញពីអាជីពសម្តែង និង ចេញទៅរស់នៅសហរដ្ឋអាមេរិកជុំគ្រួសារប្រពន្ធកូនយ៉ាងមានសុភមង្គល។
៣. សុវណ្ណ មុន្នី
លោក សុវណ្ណ មុន្នី ដែលលោកក៏ជាតារាសម្តែងមានឈ្មោះល្បីល្បាញម្នាក់ តាំងពីទសវត្សរ៍ ៨០-៩០ ផងដែរ ។ សម្រាប់តួឯកប្រុសលោក សុវណ្ណ មុន្នី នេះ ស្ទើរតែត្រូវបានទស្សនិកជនក្នុងស្រុកភ្លេចមុខបាត់ទៅហើយ ដោយសារតារាសម្តែងប្រុសរូបនេះ បានលាឈប់ពីសិល្បៈយូរឆ្នាំ ពោលគឺតាំងពីឆ្នាំ ១៩៩៧ មក។ បន្ទាប់ពីលាឈប់ពីអាជីពសម្តែងហើយនោះ តារាសម្តែង សុវណ្ណ មុន្នី បានចាកចេញពីប្រទេសកំណើតទៅរស់នៅជុំគ្រួសារឯសហរដ្ឋអាមេរិក ដែលបានសាងជីវិតយ៉ាងមានសុភមង្គលជាមួយភរិយា និង កូនប្រុសពីរនាក់ រហូតមកដល់សព្វថ្ងៃនេះ។
៤. ឧត្តម បូទី
ក្នុងចំណោមសិល្បករសម្តែងផ្នែកបុរសល្បីឈ្មោះកាលទសវត្សរ៍ ឆ្នាំ ៩០ នោះ ក៏មានលោក ឧត្តម បូទី ដូចគ្នាដែរ ដែលជាតារាភាពយន្តផ្នែកបុរសមួយរូបមានទេពកោសល្យ និង ឈ្មោះបោះសំឡេងខ្លាំងដូចគ្នា។ កាលនោះ លោក ឧត្តម បូទី តែងសម្តែងជាតួអង្គកាចភាគច្រើន។ យ៉ាងណាមិញ ក្រោយពីសាងកេរ្តិ៍ឈ្មោះ និង បានចាកចេញទៅរស់នៅប្រទេសញូហ្សឺឡែន អស់រយៈពេលជាច្រើនឆ្នាំ អតីតតារាសម្តែងជើងចាស់ លោក ឧត្តម បូទី ក៏នៅតែត្រូវបានមហាជននិយមទស្សនាខ្សែភាពយន្តជំនាន់ដើម នៅចងចាំលោកនៅឡើយនោះទេ។ បច្ចុប្បន្នលោក និង ភរិយា ទទួលបានចំណងដៃកូនស្រីម្នាក់។ បើក្រឡេកទៅមើលគណីហ្វេសប៊ុករបស់លោក ឧត្តម បូទី ក៏តែងបង្ហាញនូវជីវិតឯកជនក្នុងគ្រួសារតូចរបស់លោក លើទឹកដីនោះយ៉ាងមានសុភមង្គលខ្លាំងណាស់ដែរ៕