Siwat និង ភរិយា ដាច់ចិត្តទម្លាយមូលហេតុមិនទាន់មានកូន ក្រោយរៀបការ ៧ ឆ្នាំ
មកទល់ពេលនេះ ៧ ឆ្នាំមកហើយ ដែលតារាសម្តែង ក៏ដូចជាពិធីករប្រុសលោក Siwat និង តារាសម្តែងស្រី Amy បានរៀបការសាងសុភមង្គលជាមួយគ្នានោះ។ បើក្រឡេកទៅមើលពីជីវិតប្តីប្រពន្ធរបស់អ្នកសិល្បៈថៃគូនេះ ហាក់បីដូចជាកំពុងតែមានក្តីសុខជាខ្លាំង បើទោះបីជាអ្នកទាំងពីររៀបការយូរហើយមិនទាន់មានទាយាទស្នងក៏ដោយក្តី។
ជាមួយការរៀបការយូរឆ្នាំ មិនទាន់ទទួលបានទាយាទនេះ មានអ្នកគាំទ្រមួួយចំនួនធំបានកើតជាចម្ងល់ឡើងថា ហេតុអ្វីបានអ្នកទាំងពីរមកដល់ពេលនេះ នៅមិនទាន់មានដំណឹងល្អពីទាយាទស្នងនឹងគេទៀត ទាំងដែលមិត្តភក្តិក្នុងសិល្បៈមួយចំនួនគេមានអស់ហើយនោះ។
ជុំវិញរឿងរ៉ាវការមានកូនមួយនេះ កន្លងមកលោក Siwat និង ភរិយា Amy ក៏ធ្លាប់បានចេញមកបកស្រាយម្តងរួចទៅហើយពីមូលហេតុដែលមកដល់ពេលនេះមិនទាន់មានកូនប្រឡែងលេងនឹងគេ ដោយនាង Amy បានឱ្យដឹងថា ៖ «មូលហេតុដែលរៀបការ ៧ ឆ្នាំហើយនៅមិនទាន់មានកូននឹងគេនោះ ព្រោះតែនាងមិនចង់បាននោះទេ ដោយនាងគិតថាការប្រើប្រាស់ជីវិតបែបនេះគឺមានក្តីសុខទៅហើយ តែប្រសិនបើថ្ងៃណាមួយនាងមានកូន នាងក៏សប្បាយនឹងទទួលយកដែរ ក្នុងនាមជាម្តាយម្នាក់»។
ចំណែក លោក Siwat វិញ ក៏បានបង្ហើបដែរទាក់ទងនឹងរឿងកូនចៅនេះ ដោយលោកបាននិយាយថា ៖ «សួរថាលោកចង់បានកូនទេ ប្រាកដណាស់លោកពិតជាចង់បាន តែទោះជាយ៉ាងណាលោកនៅតែសម្រេចតាមគំនិតរបស់ភរិយាលោក ក៏ដូចជាបារម្ភចំពោះប្រពន្ធរបស់លោកច្រើនជាងរឿងនោះ»។
គួរឱ្យដឹងដែរថា ទោះបីជាមិនទាន់មានគម្រោងក្នុងការយកកូនស្នងត្រកូលក្តី ប៉ុន្តែពេលនេះលោក Siwat និង ភរិយា Amy ក៏កំពុងរស់នៅយ៉ាងពោរពេញដោយក្តីសុខ ជាមួយការចាយជីវិតយ៉ាងហាយសូរផងដែរ៕
ប្រភព៖ thebangkokinsight