តារា ៥ ដួង ល្បីឈ្មោះកប់ពពក ហើយប៉ះស្នេហ៍ស្វាមីសង្ហា សុទ្ធតែលំដាប់សេដ្ឋី
គេថាព្រេងវាសនាពិតមើលមិនឃើញ ឃ្លានេះពិតជាត្រឹមត្រូវណាស់ ព្រោះបើក្រឡេកមកមើលតារាស្រីរបស់កូរ៉េប៉ុន្មានរូបនេះ ក្រៅពីមានសំណាងបានក្លាយជាតារាល្បីទាក់ទាញបានភាពល្បីល្បាញ ព្រមទាំងទទួលបានប្រជាប្រិយពេញទឹកពេញដីរួចហើយ នាងក៏បានក្លាយជាព្រះនាងរបស់ស្វាមី ដែលជាសេដ្ឋីកាន់កាប់លុយរាប់រយលានថែមទៀតផង។
ជាពិសេសនោះ ក្រៅពីជាប់ងារជាសេដ្ឋិនីសោយសុខលើគំនរមាសប្រាក់ហើយ ពួកនាងក៏ត្រូវបានស្វាមីស្រឡាញ់យកចិត្តទុកដាក់ ថ្នាក់ថ្នមស្ទើរគ្រប់យ៉ាងមិនឱ្យខ្នក់ចិត្តឡើយ។ នេះបានចំជាសំណាងលើសំណាងតែម្តង។ ដូច្នេះ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកតារាស្រីកូរ៉េ ៥ រូប ដែលមានស្វាមីសុទ្ធតែកំពូលអ្នកមានមកជូនប្រិយមិត្តទស្សនា មានដូចជា ៖
១. Lee Si Young
តារាស្រីរូបនេះ បានរៀបការផ្ញើជីវិតជាមួយនឹងអ្នកជំនួញខាងផ្នែកអាហារ ភោជនីយដ្ឋាន លោក Cho Seung Hyun។ ស្វាមីនាងត្រូវបានគេដឹងថា លោកបានចាប់ផ្តើមចេញរកស៊ី ព្រមទាំងបង្កើតភោជនីយដ្ឋានដោយខ្លួនឯងតាំងពីអាយុខ្ទង់ ២០ ឆ្នាំ មកម៉្លេះ រហូតដល់អាចបំបែកសាខាបានជាច្រើន និង ចុងក្រោយទទួលបានភាពជោគជ័យជាសេដ្ឋីទាំងវ័យក្មេង។ សព្វថ្ងៃលោកត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិសរុបប្រហែលជាង ៤.០៦ លានដុល្លារ ដោយគិតទាំងអចលនទ្រព្យដែលនៅក្រៅ។
២. Han Chae Young
តារាសម្តែងរូបនេះ ត្រូវបានគេដឹងថា បានរៀបការជាមួយកូនប្រុសរបស់គ្រួសារសេដ្ឋីមួយរូប។ គេមិនបានដឹងពីព័ត៌មានលម្អិតណាមួយពីស្វាមីនាងទៀតនោះទេ តែគេដឹងថាគ្រាន់តែធ្វើការសុំនាងរៀបការ ស្វាមីរូបនេះហ៊ានចំណាយអស់រហូតដល់ជាង ៥.៩៨ លានដុល្លារឯណោះ ដែលមានដូចជាចិញ្ចៀនពេជ្រ ឡានស្ព័រ និង ផ្ទះវីឡា ជាដើម។
៣. Jun Ji Hyun
កំពូលតារាស្រីរូបនេះវិញ មានស្វាមីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនធនាគារអាមេរិកដ៏ល្បីមួយ។ ស្វាមីនាងបានស្នងដំណែងនេះពីឪពុករបស់គេ ដោយមានហ៊ុននៅក្នុងក្រុមហ៊ុនជាង ៧០ ភាគរយ។ បើគិតជាលុយសុទ្ធ គឺប្រហែលប្រមាណជា ៥០០ លានដុល្លារឯណោះ។
៤. Lee Hye Young
តារាសម្តែង Lee Hye Young មានស្វាមីជាអ្នករួមស្ថាបនិករបស់ក្រុមហ៊ុន MBK Partners។ តាមព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុននេះ មានតម្លៃសរុបប្រមាណជាង ២៣ ពាន់លានដុល្លារឯណោះ។ ហើយកាលពីឆ្នាំ ២០១៧ ស្វាមីនាងបានលក់ឧទ្យានកម្សាន្តមួយនាប្រទេសជប៉ុន ដោយរកប្រាក់ចំណេញបានរហូតដល់ប្រហែល ៨៥០ លានដុល្លារថែមទៀតផង។
៥. Park Ji Yoon
តារាស្រីរូបនេះ បានរៀបការជាមួយនឹងលោក Cho So Young ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញសង្គម Kakaotalk ។ លើសពីនេះទៅទៀត ប្រាក់ខែរបស់ស្វាមីនាងក្នុងមួយឆ្នាំ គឺមានរហូតទៅដល់ជាង ៦៣៨ លានដុល្លារឯណោះ ថែមជាមួយនឹងប្រាក់បន្ថែមនៅខាងក្រៅ ២.៣២ លានដុល្លារថែមទៀតផង៕
ប្រភព៖ KOREA BOO