អីយ៉ាស់! តួព្រះនាងរៀបអភិសេក ទម្លាយថាធ្លាប់មានមិត្តប្រុសដល់ទៅជាង ១០ នាក់
តារាសម្ដែងហុងកុង Charmaine Sheh ជាតារាស្រីម្នាក់ដែលអ្នកគាំទ្រភាគច្រើនតែងចង់ដឹងអំពីជីវិតផ្ទាល់របស់នាង ជាពិសេសទាក់ទងនឹងរឿងស្នេហា។ បច្ចុប្បន្នតារាសម្ដែងស្រីរូបនេះ បានហក់ឡើងប្រជាប្រិយភាពកាន់តែខ្លាំង ក្រោយពីបានថតសម្ដែងក្នុងរឿងភាគល្បីៗប្រចាំឆ្នាំជាច្រើន។
នាពេលកន្លងទៅថ្មីៗនេះ តារាសម្ដែងស្រីវ័យ ៤៦ ឆ្នាំរូបនេះ បានអញ្ជើញចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីមួយ លាតត្រដាងពីរឿងរ៉ាវជីវិតស្នេហារបស់នាង។ ក្នុងនោះ នៅពេលពិធីករបើកសំណួរដំបូងទៅកាន់នាង ៖ «តើអ្នកនៅទំនេរមែនទេ?» តារាស្រីរូបនេះ ក៏បានតបវិញថា ៖ «ចាស»។ និយាយចុះឡើងស្រាប់តែពិធីករ លោក Kevin Tsai បានទាញយកសំណួរមួយទៅកាន់នាង ៖ «តើអ្នកមានអតីតសង្សារជាង ១០ នាក់មែនទេ?» ភ្លាមនោះស្រាប់តែ Charmaine ស្ងប់ស្ងាត់មួយសន្ទុះ ហើយឆ្លើយទាំងដកដង្ហើមធំ ៖ «ត្រូវហើយ» ប៉ុន្តែនាងមិនបានប្រាប់លម្អិតនោះទេ គ្រាន់តែដឹងថាមិត្តប្រុសរបស់នាងភាគច្រើនមិនមែនជាអ្នកក្នុងសិល្បៈនោះទេ។
ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលទៀតនោះគឺ Charmaine ក៏បានបង្ហើបថា នាងនឹងអញ្ជើញអតីតមិត្តប្រុសរបស់នាងមកចូលរួមពិធីមង្គលការរបស់នាងទៀតផង ជាហេតុធ្វើឱ្យលោក Kevin Tsai ជាពិធីករមានការភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់នាងជាខ្លាំង៕