មិនត្រឹមតែស្អាតទេ តែភរិយា ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ក៏ចំណាប់រឿងនេះ គួរឱ្យសរសើរ
កាលពីពេលថ្មីៗនេះ តារាចម្រៀង ប៊ុន សក្ដិ បានបង្ហាញវត្តមានជាថ្មីម្តងទៀតនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ក្រោយពីលោកបានបាត់មុខឈឹងពីសិល្បៈយ៉ាងយូរមកនោះ។ យ៉ាងណា ក្រោយពីបង្ហាញវត្តមានជាថ្មីក្នុងកម្មវិធីនេះហើយ លោក ប៊ុន សក្តិ ត្រូវបានគេមើលឃើញថាកម្របង្ហាញវត្តមានក្នុងពិភពសិល្បៈណាស់ រហូតធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ជិះក្របី» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះសូម្បីតែកម្មវិធីនានាក៏មិនឃើញលោកចូលរួម រីឯបទចម្រៀងថ្មី ក៏មិនឃើញចេញលើទីផ្សារទៀត។
ជាការពិតណាស់ បន្ទាប់ពីរៀបការនឹងភរិយាកាលដើមខែមេសា ឆ្នាំ ២០១៦ កន្លងទៅនោះ តារាច្រៀង ប៊ុន សក្តិ បានរសាតបាត់ឆ្ងាយបន្តិចម្តងៗពីឆាកសិល្បៈ ដែលសូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ ។
បច្ចុប្បន្ននេះ តារាចម្រៀង ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ដ៏ល្បីល្បាញនោះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ ដែលយើងអាចឃើញតាមរយៈទំព័រហ្វេសប៊ុក ដែលតារាចម្រៀងរូបនេះបានបង្ហោះជារឿយៗនាពេលកន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរ គេថែមទាំងបានដឹងថា ក្រោយរសាត់ឆ្ងាយពីសិល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេ គឺជាអង្គរក្សនៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ។
ដោយឡែក បើក្រឡេកទៅមើលភរិយារបស់លោក ប៊ុន សក្តិ ឯនោះវិញ ក៏ត្រូវបានមហាជនជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ដែរ ថាតារាចម្រៀងប្រុសរូបនេះបានជួបគូជីវិតជាស្ត្រីដ៏ស្រស់ស្អាត សមសួនម្នាក់។ លើសពីនោះ មិនត្រឹមតែស្អាតតែម្យ៉ាងនោះទេ ភិរយារបស់លោក ប៊ុន សក្តិ ក៏ចំណាប់ក្នុងការរកស៊ីណាស់ដែរ ដោយអ្នកនាងបានលក់ដូរផលិតផលជាច្រើនតាមអនឡាញ ដោយមានទាំងសម្លៀកបំពាក់ និង ផលិតផលអាហារបំប៉ន ជាដើម។
គួររំឭកថា តារាចម្រៀង ប៊ុន សក្តិ ធ្លាប់ជាតារាចម្រៀងប្រុសម្នាក់ប្រចាំផលិតកម្ម SSB និង ផលិតកម្ម សាន់ដេ ដែលមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ជាង ដោយក្នុងនោះបទចម្រៀងរបស់លោកជាច្រើនតែងបានទទួលការគាំទ្រពីមហាជន ជាពិសេសនោះគឺបទ «ជិះក្របី» ដែលបទនេះមានភាពល្បីល្បាញខ្លាំងណាស់ រហូតធ្វើឱ្យលោកក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងពិភពសិល្បៈផ្នែកចម្រៀងសម័យ៕